ឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញចែកប័ណ្ណសមាជិករបបសន្តិសុខសង្គមជូនដល់មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យានៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
រសៀលថ្ងៃអង្គារ ៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលប័ណ្ណសមាជិករបបសន្តិសុខសង្គម (ប.ស.ស) និងផ្សព្វផ្សាយពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គមជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រៃសណីយ៍កម្ពុជា ទូរគមនាគមន៍កម្ពុជា និងមន្ទីរ ប.ទ.ខេត្តទាំង២៤។ នេះជាលើកទីមួយដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសហការជាមួយបេឡាជាតិរបបសន្តិសុខសង្គមនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការផ្តល់ប័ណ្ណសមាជិក ប.ស.ស សម្រាប់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យារបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សរុបចំនួន ១១៦០ប័ណ្ណ។
មានប្រសាសន៍សំណេះសំណាល ឯកឧត្ដមរដ្ឋមន្ត្រី បានលើកឡើងថា “របបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន គឺជាគោលនយោបាយដ៏ល្អមួយក្នុងការឆ្លើយតបទៅនឹងការរក្សានូវសុខុមាលភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជនឱ្យកាន់តែល្អប្រសើរឡើង ស្របតាម “ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥” របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាផែនទីមគ្គុទ្ទេសក៍រយៈពេលវែងសម្រាប់ការកែទម្រង់ និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា តាមរយៈការដាក់ចេញនូវផែនការយុទ្ធសាស្ត្រសំដៅធានាឱ្យបាននូវសន្តិសុខប្រាក់ចំណូល កាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាជន ព្រមទាំងលើកកម្ពស់សុខុមាលភាព សមធម៌ សាមគ្គីភាព និងភាពសុខដុមរមនានៅក្នុងសង្គមជាតិ។ នេះសបញ្ជាក់ឱ្យឃើញថា ក្រសួង ក៏ដូចជារាជរដ្ឋាភិបាលបានគិតគូរជាខ្លាំងលើសុខទុក្ខរបស់ប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និវត្តជន អតីតយុទ្ធជន និងមន្ត្រីជាប់កិច្ចសន្យា។"
មុននឹងបញ្ចប់ ឯកឧត្ដមរដ្ឋមន្ត្រី បានប្រសិទ្ធពរជ័យ សិរីសួស្តី សុភមង្គល មហាប្រសើរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសាកល២០១៩ ដែលនឹងឈានចូលនាពេលខាងមុខ ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្រ្តីរាជការទាំងអស់ សូមសមប្រកបជួបប្រទះនូវពុទ្ធពរទាំង០៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕