ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អនុញ្ញាតឲ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនូវែលហ្សេឡង់ ឆ្នាំ២០១៩ ថ្នាក់បណ្ឌិត និងបរិញ្ញាបត្រជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម នៅទីស្ដីការក្រសួង
រាជធានីភ្នំពេញ៖ព្រឹកថ្ងៃច័ន្ទ ០៨រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអនុញ្ញាតឲ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនូវែលហ្សេឡង់ (New Zealand Scholarship) ឆ្នាំ២០១៩ ថ្នាក់បណ្ឌិត និងបរិញ្ញាបត្រជាន់ខ្ពស់ សរុបចំនួន ១៨រូប(ស្រី ១៣រូប) ដែលនឹងត្រូវចេញដំណើរទៅបន្តការសិក្សាថ្នាក់បណ្ឌិត និងបរិញ្ញាបត្រជាន់ខ្ពស់នៅតាមសាកលវិទ្យាល័យផ្សេងៗនៅប្រទេសនូវែលហ្សេឡង់ នាចុងខែមករា ឆ្នាំ២០១៩ ខាងមុខ ចូលជួបសម្តែងការគួរសម។
ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ដល់និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ ព្រមទាំងផ្តល់ជាអនុសាសន៍ណែនាំនូវចំណេះដឹងល្អៗ ព្រមទាំងចែករំលែកនូវបទពិសោធន៍មួយចំនួនពាក់ព័ន្ធនឹងការសិក្សានៅក្រៅប្រទេស។ ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់ក្រុមនិស្សិតទាំងអស់ពាំនាំផ្សព្វផ្សាយបទពិសោធន៍ការងារ ទំនៀមទំលាប់ ប្រពៃណី វប្បធម៌ល្អៗពីប្រទេសកម្ពុជា និងត្រូវយកចិត្តទុកដាក់សិក្សាពីទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ និងច្បាប់ផ្សេងៗរបស់ប្រទេសគេ ពិសេសត្រូវយកចិត្តទុកដាក់រៀនសូត្រ គោរពវិន័យ និងបទបញ្ជាផ្សេងៗរបស់ សាកលវិទ្យាល័យដែលកំពុងសិក្សា។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីសាវតាខ្លះៗរបស់ក្រសួង ប.ទ. ព្រមទាំងការរីកចម្រើនជឿនលឿនយ៉ាងឆាប់រហ័សនៃវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និង បច្ចេកវិទ្យាទូរគមនាគមន៍និងព័ត៌មាន (ICT) នៅកម្ពុជាផងដែរ។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានជូនពរ និងផ្តែផ្តាំអោយប្អូនៗចេះថែរក្សាសុខភាព ព្រមទាំងខិតខំប្រឹងប្រែងប្រមូលយកចំណេះដឹង ពីការសិក្សាដើម្បីកសាងសមត្ថភាពរបស់ខ្លួនយកមកបម្រើជាតិមាតុភូមិ ស្របតាមជំនាញ និងសក្តានុពលរៀងៗខ្លួន៕