ព្រឹកថ្ងៃអង្គារ ១០កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅស្រុកទឹកផុស ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបលើកទី៤០ អបអរសាទរថ្ងៃជ័យជម្នះ ៧មករា (៧មករា ១៩៧៩ – ៧មករា ២០១៩) នៅឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ពិធីនេះមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង ប.ទ និងថ្នាក់ដឹកនាំខេត្ត ព្រមទាំងមន្ត្រីរាជការ កងកំលាំងស្រុក-ឃុំ-ភូមិ សិសានុសិស្ស និងប្រជាពលរដ្ឋ សរុបចំនួន ១២៣៦នាក់។
ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
មានប្រសាសន៍សំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកអំពីថ្ងៃ៧មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតនៅកម្ពុជាដែលបានកាប់សម្លាប់ និងធ្វើទារុណកម្មដែលបានធ្វើអោយប្រជាពលរដ្ឋខ្មែរស្លាប់ជិត ៣លាននាក់។ រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ពលរដ្ឋខ្មែរគ្មានសិទ្ធិសេរីភាព មានតែការបំបិទសិទ្ធិក្នុងការរស់នៅ និងការបង្ខិតបង្ខំអោយធ្វើការហួសកម្លាំង ធ្វើទារុណកម្ម និងកាប់សម្លាប់អាយុជីវិតពលរដ្ឋតែប៉ុណ្ណោះ។ ថ្ងៃ៧មករា ១៩៧៩ គឺជាការបើកឡើងវិញនូវទំព័រសករាជថ្មីនៃឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ យើងពិតជាចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារីនៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើការលះបង់យ៉ាងធំធេងក្នុងការប្រយុទ្ធផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការពារនៃការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា។
ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា ក្រោយបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង រដ្ឋាភិបាលបានដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ដែលបានផ្តល់ឱកាសពេញលេញដល់កម្ពុជាក្នុងការស្តារ កសាង និងអភិវឌ្ឍន៍អោយរីកចម្រើនលូតលាស់ជាបន្តបន្ទាប់។ ក្រោមម្លប់សន្តិភាព សេដ្ឋកិច្ចកម្ពុជាកាន់តែរីកលូតលាស់ ដែលក្នុងនោះ គឺទំហំពាណិជ្ជកម្ម និងទំហំវិនិយោគពីបរទេសកាន់តែកើនច្រើនឡើង ធ្វើអោយកម្ពុជាអាចរក្សាបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ជាង៧%។ នៅក្នុងរាជរដ្ឋាភិបាលនីតិកាលទី៦ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្តេជ្ញាចិត្តក្នុងការដឹកនាំនាវាកម្ពុជាអោយសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ជាពិសេសកិច្ចការពារ ថែរក្សាសន្តិភាពអោយបានគង់វង្ស និងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងៗដើម្បីបំពេញតម្រូវការនៃការរស់នៅរបស់ប្រជាជន ការយកចិត្តទុកដាក់ចំពោះជនងាយរងគ្រោះដោយប្រការផ្សេងៗ និងធ្វើអោយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរឡើង៕