ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក ចុះកិច្ចព្រមព្រៀងអនុវត្តគម្រោងបំពាក់កុំព្យូទ័រ និងសម្ភារៈបច្ចេកទេសគាំទ្រការបង្រៀនបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅកម្រិតមធ្យមសិក្សាទុតិយភូមិ
រសៀលថ្ងៃសុក្រ ១៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងត្រីភាគីជាមួយរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងអគ្គនាយកក្រុមហ៊ុន វៀតធេល(ខេមបូឌា) ស្តីពីការអនុវត្តគម្រោងបំពាក់កុំព្យូទ័រ និងសម្ភារៈបច្ចេកទេសគាំទ្រការបង្រៀនបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅកម្រិតមធ្យមសិក្សាទុតិយភូមិ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្រ្តីរាជការ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងត្រីភាគីអនុវត្តគម្រោង បំពាក់សម្ភារៈកុំព្យូទ័រ ដល់សាលាមធ្យមសិក្សាចំនួន២០ រវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុន វៀតធេល(ខេមបូឌា) គឺជាការបណ្តុះបណ្តាលធនធានមនុស្សខាងផ្នែកបច្ចេកវិទ្យា ដើម្បីត្រៀមខ្លួនសម្រាប់អនុវត្ត សេដ្ឋកិច្ច ឌីជីថល ក៏ដូចជាបដិវត្តន៍ឧស្សាហកម្ម ៤.០។ ក្នុងឆ្នាំ២០១៨ និស្សិតដែលបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សាជំនាញ ICT មានប្រមាណ ៩% នៃចំនួននិស្សិតសរុប។ ចំនួននេះមិនអាចផ្គត់ផ្គង់ តម្រូវការទីផ្សារក្នុងកំឡុងពេលដែលបច្ចេកវិទ្យាកំពុងវិវត្តយ៉ាងឆាប់រហ័សហើយធុរកិច្ចជាច្រើនគ្រប់វិស័យ មានទាំងវិស័យធនាគារ ហិរញ្ញវត្ថុ ឧស្សាហកម្ម ពាណិជ្ជកម្ម ការផ្តល់សេវាកម្មនានា កំពុងងាកផ្លាស់ប្តូរទៅបែបឌីជីថល។ ហេតុនេះជាគោលដៅរួមរបស់រាជរដ្ឋាភិបាល យើងចង់បង្កើនចំនួនវិស្វករបច្ចេកវិទ្យាដល់១៥% ក្នុងឆ្នាំ២០២០ ហើយបំពាក់បំណិនវិជ្ជាជីវៈខាងផ្នែកបច្ចេកវិទ្យា និងផ្នត់គំនិតឌីជីថលដល់សិស្សដែលចប់មធ្យមសិក្សាគ្រប់ៗគ្នា ដើម្បីអាចឱ្យពួកគេដើរទាន់ការវិវត្តឥតឈប់ឈរនៃសង្គមឌីជីថលនេះ។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់អ្នកពាក់ព័ន្ធទាំងអស់ដែលបានចូលរួមជ្រោមជ្រែងគាំទ្រលើការផ្តួចផ្តើម រៀបចំកិច្ចការនេះរហូតមក។ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថាការផ្តួចផ្តើមកិច្ចសហការនេះនឹងហុចជាផ្លែផ្កាក្នុងការអភិវឌ្ឍធនធានមនុស្សជាប្រយោជន៍ដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជាក្នុងសម័យកាលឌីជីថល ហើយស្នើសុំឱ្យមានកិច្ចសហការស្អិតរមួតបន្ថែមទៀត ក្នុងគោលដៅរួមគ្នា៕