ឯកឧត្ដមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្តីពី ការបង្កើតក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយរដ្ឋាភិបាលឌីជីថល
ព្រឹកថ្ងៃច័ន្ទ ៩កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្ដម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្តីពី ការបង្កើតក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយរដ្ឋាភិបាលឌីជីថល។ ក្រុមការងារបច្ចេកទេសដើម្បីសិក្សា និងរៀបចំគោលនយោបាយរដ្ឋាភិបាលឌីជីថលនេះមានសមាសភាពចំនួន ៣០រូប ដោយមាន ឯកឧត្ដមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ ជាប្រធាន។
កិច្ចប្រជុំផ្ដោតសំខាន់លើស្ថានភាពបច្ចុប្បន្ននៃរដ្ឋាភិបាលឌីជីថល កំណត់ទិសដៅដែលត្រូវអនុវត្តបន្ត និងរៀបចំបទដ្ឋានគតិយុត្ត ដើម្បីឈានដល់ការអនុវត្តគម្រោងប្រព័ន្ធផ្ដល់សេវារបស់រាជរដ្ឋាភិបាលកម្ពុជា ដល់ប្រជាពលរដ្ឋ ដោយឈរលើតម្រូវការជាក់ស្ដែង បញ្ហាប្រឈម បទពិសោធន៍កន្លងមក ជាពិសេសការផ្ដល់ភាពទុកចិត្តបាននៃប្រព័ន្ធ។
សូមបញ្ជាក់ផងដែរថាក្រុមការងារបច្ចេកទេសនេះមានភារកិច្ចសំខាន់ៗ៖
១. រៀបចំសេចក្តីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថល
២. សិក្សានិងស្រាវជ្រាវរាល់ឯកសារពាក់ព័ន្ធគោលនយោបាយ ផែនការមេ ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព និងស្ថានភាពរដ្ឋាភិបាលឌីជីថលក្នុងប្រទេស ថ្នាក់តំបន់ និងសកលលោក
៣. សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនានា និងដៃគូរអភិវឌ្ឍន៍ដើម្បីពិនិត្យ សិក្សា និងស្នើសុំធាតុចូលបន្ថែមក្នុងការធានាសង្គតិភាពរវាងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ជាមួយនឹងគោលនយោបាយពាក់ព័ន្ធ
៤. រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន៕