ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញប្រកាសតម្លើងឋានៈ និងតែងតាំង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
ព្រឹកថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតម្លើងឋានៈ និងតែងតាំង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងទីប្រឹក្សា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ យ៉ាងច្រើនកុះករផងដែរ។
មានប្រសាសន៍សំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយគិត្តិបណ្ឌិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្នុងចតុកោណទី២ គឺការធ្វើពិពិធកម្មសេដ្ឋកិច្ចត្រង់មុំទី៣ ថា “ការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤” គឺវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ជាកម្មវិធីអាទិភាពមួយដែលបានចែងក្នុងផែនការសកម្មភាពរួមដំណាក់កាលទី៣ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ គឺការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ ជាពិសេសមានតួនាទីយ៉ាងសំខាន់កំណត់នូវនិន្នាការវិវត្ត នៃសង្គមក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀតនាពេលអនាគត។
ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានសំណូមពរដល់ឥស្សរជនជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងទីប្រឹក្សាដែលទើបទទួលការតែងតាំងថ្មីនេះ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់លើភារកិច្ចដែលបានប្រគល់ឱ្យ និងត្រូវធ្វើការដោយមានកិច្ចសហការជាមួយថ្នាក់ដឹកនាំតាមឋានានុក្រមដើម្បីដកស្រង់បទពិសោធន៍ និងចំណេះដឹងថ្មីៗបន្ថែមទៀត។ ម្យ៉ាងទៀត ត្រូវមានទំនាក់ទំនងល្អជាមួយមន្ត្រីថ្នាក់ក្រោម ដោយដើរតួជាអ្នកសម្របសម្រួលការងារ និងធ្វើខ្លួនជាគម្រូល្អដល់មន្ត្រីថ្នាក់ក្រោម។ ជាពិសេសពង្រឹងឱ្យបានខ្ជាប់ខ្ជួននូវស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង សហការឱ្យបានល្អជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ប្រមូលផ្តុំនូវធនធានបញ្ញា ដើម្បីធានានូវការគ្រប់គ្រង ការដឹកនាំ ប្រកបដោយប្រសិទ្ធភាពការងារ តម្លាភាព និងគណនេយ្យភាព៕