ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសតែងតាំង ប្រធានថ្មី នៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យ៖ ល្ងាចថ្ងៃច័ន្ទ ១៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលាខេត្តឧត្តរមានជ័យ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង កញ្ញា ហ៊ន សុភាព ជាប្រធានថ្មី នៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តឧត្តរមានជ័យ ជំនួសលោក រិន សុខុម ដែលត្រូវចូលនិវត្តន៍។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្ដម លោកជំទាវ លោកលោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរ ស្ថាប័នជុំវិញខេត្ត សរុបប្រមាណ ១៥០រូប។
នៅក្នុងឱកាសនេះដែរ ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានមានប្រសាសន៍កោតសរសើរ និងចងចាំជានិច្ចចំពោះស្មារតីទទួលខុសត្រូវ អំណត់ព្យាយាមរបស់លោក រិន សុខុម ក្នុងការដឹកនាំរហូតសម្រេចបាននូវលទ្ធផលល្អប្រសើរជាបន្តបន្ទាប់។ ហើយបានជម្រុញការអភិវឌ្ឍវិស័យប្រៃសណីយ៍-ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន(ICT) នៅមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តឧត្តរមានជ័យ ឲ្យមានការរីកចំរើនគួរឲ្យកត់សម្គាល់។ ជាពិសេសបំពេញបានតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងជាផ្នែកមួយទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងខេត្តផងដែរ។
ឯកឧត្ដមរដ្ឋមន្ត្រីក៏បានមានប្រសាសន៍ផ្ដាំផ្ញើរ កញ្ញា ហ៊ន សុភាព ប្រធានមន្ទីរថ្មី ដែលត្រូវបានតែងតាំង និងលោក លោកស្រី មន្ត្រីរាជការនៅមន្ទីរ ប.ទ.ខេត្តឧត្តរមានជ័យ ទាំងអស់ ត្រូវបន្តស្មារតីទទួលខុសត្រូវ, រក្សាបាននូវភាពរឹងមាំសាមគ្គីភាព-ឯកភាពផ្ទៃក្នុង, រៀនសូត្រដកពិសោធន៍ការងារពីគ្នាទៅវិញទៅមក។ ហើយបន្តកិច្ចសហការជាមួយមន្ទីរជុំវិញខេត្ត និងគ្រប់អង្គភាពជំនាញពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ដោះស្រាយរាល់បញ្ហាប្រឈមនានា ដើម្បីភាពរីកចម្រើនរបស់អង្គភាព ។ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា ឯកឧត្តម លោកជំទាវអស់លោក-លោកស្រី ជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្តនឹងបន្តជួយគាំទ្រប្រធានមន្ទីរថ្មី ឲ្យបន្តសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ធានាបានប្រសិទ្ធភាពការងារ និងជាកម្លាំងចលករជម្រុញវិស័យទាំងបីឲ្យមានការអភិវឌ្ឍកាន់តែប្រសើរឡេីងថែមទៀត៕