ឯកឧត្ដមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថល
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ០៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្ដម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា។
សេចក្តីព្រាង នៃគោលនយោបាយនេះ បានកំណត់ទស្សនៈវិស័យ "លើកកម្ពស់ជីវភាពរស់នៅតាមរយៈសេវាឌីជីថលកាន់តែល្អប្រសើរ" ដោយផ្តោតលើការសម្រេចបាននូវគោលដៅសំខាន់ ០២ គឺ៖
១). ផ្តល់សេវា និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយប្រជាពលរដ្ឋនិងអាជីវកម្មកាន់តែប្រសើរ និង
២). បង្កើនប្រសិទ្ធភាពការងាររាជរដ្ឋាភិបាល តាមរយៈការបង្កើតនិងប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលរួម វេទិកាឌីជីថលរួម សេវាកម្មឌីជីថលរួម ដោយឈរលើយន្តការ "បង្កើតម្តងប្រើបានគ្រប់កន្លែង" និងកម្មវិធីពង្រឹងសមត្ថភាពដល់គ្រប់ភាគីពាក់ព័ន្ធ៕