ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីដៃគូវិនិយោគឯកជននិងសាធារណៈ រវាង ទូរគមនាគមន៍កម្ពុជា ជាមួយ ក្រុមហ៊ុន Seatel
រាជធានីភ្នំពេញ៖ រសៀលថ្ងៃព្រហស្បតិ៍ ០២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីដៃគូវិនិយោគឯកជននិងសាធារណៈ រវាងទូរគមនាគមន៍កម្ពុជា ជាមួយក្រុមហ៊ុន Seatel ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្រ្តីរាជការ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងភាគីលើអនុស្សរណៈយោគយល់គ្នារបស់ដៃគូវិនិយោគឯកជននិងសាធារណៈ គឺជាការបោះជំហានមួយទៅមុខទៀតរបស់ក្រសួង ក្នុងការជម្រុញអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ ក្នុងការលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ឆ្ពោះទៅរករដ្ឋាភិបាលអេឡិកត្រូនិក និងសេដ្ឋកិច្ចឌីជីថល នាពេលអនាគត។ ទន្ទឹមនឹងនេះដែរ ពិធីនេះនឹងបើកឱកាសឲ្យភាគីចូលរួមទាំងវិស័យឯកជន និងសាធារណៈ ពង្រីកសក្តានុពលភាពការវិនិយោគរបស់ខ្លួន ដែលអាចប្រើប្រាស់នូវហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍របស់ជាតិ និងឯកជនប្រកបដោយសក្តានុពល និងមានប្រសិទ្ធភាព ពិសេសឈានទៅបង្កើតគម្រោងថ្មីៗជាច្រើនទៀត។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់អ្នកពាក់ព័ន្ធទាំងអស់ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការរិះរកគំនិតផ្តួចផ្តើមគម្រោងនេះ។ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថាទូរគមនាគមន៍កម្ពុជា និងក្រុមហ៊ុនSeatel នឹងបន្តសហការធ្វើការួមគ្នាបង្កើតជាផ្លែផ្កា បង្កើតជាគម្រោងលេចជារូបរាងពិតប្រាកដ និងទទួលបានជោគជ័យជាស្ថាពរ ហើយដើម្បីលើកកម្ពស់វិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឲ្យមានសន្ទុះខ្លាំងក្លា និងដើរទាន់ការរីកចម្រើននៃបច្ចេកវិទ្យារបស់បណ្តាប្រទេសក្នុងតំបន់៕