ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញចូលរួមក្នុងមហាសន្និបាតទូរស័ព្ទចល័តពិភពលោកឆ្នាំ២០១៩ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសអេស្ប៉ាញ
ប្រទេសអេស្ប៉ាញ៖ ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក និងគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមក្នុង “មហាសន្និបាតទូរស័ព្ទចល័តពិភពលោកឆ្នាំ២០១៩-Mobile World Congress 2019-MWC19” និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥-២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។
នៅក្នុងឱកាសចូលរួមមហាសន្និបាតនេះ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួង បានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយស្ថាប័ននិងក្រុមហ៊ុនមួយចំនួនផងដែរ ក្នុងនោះរួមមាន៖
-ជំនួបជាមួយតំណាងនៃGSMA Asia Pacific and Greater China (GSMA APAC) ដោយបានពិភាក្សាគ្នាទៅលើបច្ចុប្បន្នភាពនៃការអនុវត្ត700MHz, មាគ៌ាបង្ហាញផ្លូវសម្រាប់ 5G, ផែនការសម្រាប់ការអភិវឌ្ឍក្របខ័ណ្ឌឯកជនភាពនៃទិន្នន័យ និងគំនិតផ្តួចផ្តើមរបស់អាស៊ាន។
-ប្រជុំតុមូលរៀបចំដោយAsia Pacific and Greater China (APAC) ដោយមានការចូលរួមពីប្រតិភូមកពីបណ្តាប្រទេសនានានៅក្នុងតំបន់ ដោយផ្តោតលើប្រធានបទ “ឧស្សាហកម្មទូរស័ព្ទចល័តអាចពន្លឿនកំណើនសេដ្ឋកិច្ចឌីជីថល, គោលនយោបាយឌីជីថលជាតិ និងគម្រោងថ្នាក់តំបន់នានាក្នុងក្របខ័ណ្ឌតំបន់អាស៊ី”
– ជំនួបជាមួយថ្នាក់ដឹកនាំនៃក្រុមហ៊ុនធំៗ ដែលមានប្រតិបត្តិការនៅក្នងស្រុក ដូចជាក្រុមហ៊ុន Smart Axiata, Huawei, ZTE, Viettel, Seatel ផងដែរ ដើម្បីចែករំលែកព័ត៌មានរវាងគ្នា អំពីចក្ខុវិស័យ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងដំណោះស្រាយបច្ចេកវិទ្យាទំនើបៗ ដែលក្រុមហ៊ុននីមួយៗមាន ពិសេសគឺបច្ចេកវិទ្យា5G ដែលនឹងត្រូវប្រើប្រាស់នៅពេលខាងមុខ ដែលជាកម្លាំងចលករមួយក្នុងការសម្រេចនូវបដិវត្តឧស្សាហកម្មជំនាន់ទី៤៕