ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងគមនាគមន៍ សាធារណរដ្ឋឥណ្ឌា ស្តីពី “កិច្ចសហប្រតិបត្តិការក្នុងវិស័យគមនាគមន៍”
![Ministry of Post and Telecommunications](https://asset.cambodia.gov.kh/mptc/2020/05/WycCr58G-mptc-media-3790.jpg)
រាជធានីភ្នំពេញ៖រសៀលថ្ងៃច័ន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងគមនាគមន៍ សាធារណរដ្ឋឥណ្ឌា ស្តីពី “កិច្ចសហប្រតិបត្តិការក្នុងវិស័យគមនាគមន៍” និងអនុស្សរណៈនៃការយោគយល់គ្នា រវាងទូរគមនាគមន៍កម្ពុជា និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ទូរគមនាគមន៍(C-DOT) ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងភាគីឥណ្ឌា ប្រមាណ ១០០រូប។
ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ បានមានមតិស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសាធារណរដ្ឋឥណ្ឌា និងបានវាយតម្លៃខ្ពស់អំពីកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋឥណ្ឌានាពេលកន្លងមក លើការបណ្តុះបណ្តាលធនធានមនុស្ស មជ្ឈមណ្ឌលឧត្តមានុវត្តន៍ និងការសិក្សាលើ “ភូមិឌីជីថល”។ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា អនុស្សរណៈយោគយល់គ្នាដែលយើងបានចុះហត្ថលេខានៅថ្ងៃនេះ គឺជាការបោះជំហានថ្មីមួយទៀតលើកិច្ចសហប្រតិបត្តិការរបស់ប្រទេសយើងទាំងពីរលើវិស័យទូរគមនាគមន៍ បន្ថែមលើកិច្ចសហប្រតិបត្តិការដែលយើងមាននាពេលកន្លងមក ដើម្បីទាញនូវសក្តានុពលនៃការរីកចម្រើនឈានមុខគេមួយលើវិស័យនេះរបស់សាធារណរដ្ឋឥណ្ឌា សម្រាប់ការអភិវឌ្ឍវិស័យទូរគមនាគមន៍នៅព្រះរាជាណាចក្រកម្ពុជា។
*គូសបញ្ជាក់ផងដែរថា នៅក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូសាធារណឥណ្ឌា បានទស្សនកិច្ច អំពីគម្រោងអភិវឌ្ឍន៍មួយចំនួនរបស់ឥណ្ឌានៅខេត្តសៀមរាប វិទ្យាស្ថានជាតិNIPTICT និង ទស្សនកិច្ចទីតាំងសម្រាប់សិក្សាលើគម្រោងសាកល្បងសម្រាប់អភិវឌ្ឍន៍ភូមិឌីជីថលនៅស្រុកទ្រាំង ខេត្តតាកែវ ផងដែរ៕