ឯកឧត្ដមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំគោលនយោបាយរដ្ឋាភិបាលឌីជីថល
ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃច័ន្ទ ០៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំគោលនយោបាយរដ្ឋាភិបាលឌីជីថល។
គោលនយោបាយរដ្ឋាភិបាលឌីជីថលមានគោលបំណងជម្រុញ និងលើកកម្ពស់ការអភិវឌ្ឍរដ្ឋាភិបាលឌីជីថលនៅកម្ពុជា ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាព ហើយមានគោលដៅសំខាន់ ៣គឺ
(១).ពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហការរវាងក្រសួងស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋ តាមរយៈការប្រើប្រាស់សេវាឌីជីថល
(២).ពង្រឹងគុណភាព ប្រសិទ្ធភាព និងនិរន្តរភាពនៃសេវារដ្ឋាភិបាលឌីជីថល និង
(៣).បង្កើនសមត្ថភាពឌីជីថល និងនវានុវត្តន៍៕