ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ បានដឹកនាំគណៈប្រតិភូនៃសាធារណរដ្ឋឥណ្ឌា ទៅទស្សនកិច្ចទីតាំងគម្រោងសាកល្បង ភូមិឌីជីថល និងសាខាទូរគមនាគមន៍កម្ពុជា នៅខេត្តតាកែវ
ខេត្តតាកែវ៖ ថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូនៃសាធារណរដ្ឋឥណ្ឌា ទៅទស្សនកិច្ចទីតាំងគម្រោងសាកល្បង ភូមិឌីជីថល និងសាខាទូរគមនាគមន៍កម្ពុជាខេត្តតាកែវ ដោយមានការអមដំណើរពីថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមការងារសម្របសម្រួលកិច្ចសហប្រតិបត្តិការជាមួយក្រសួងគមនាគមន៍ឥណ្ឌា ព្រមទាំងមន្ត្រីរាជការក្នុងមូលដ្ឋានផងដែរ។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ បានបង្ហាញជូនគណៈប្រតិភូនៃសាធារណរដ្ឋឥណ្ឌា ពីស្ថានភាពភូមិ-ឃុំ ហេដ្ឋារចនាសម្ព័ន្ធដើម្បីទ្រទ្រង់ការបង្កើត ភូមិឌីជីថល និងសេវាសាធារណ:ដែលមានក្នុងស្រុកទ្រាំង មានដូចជាមណ្ឌលសុខភាព សាលារៀនជាដើម។ ដែលសេវាទាំងនេះនឹងកាន់តែទំនើបបន្ថែមទៀតដោយប្រើប្រាស់ដំណោះស្រាយបច្ចេកវិទ្យាថ្មីៗ នៅពេលអុីនធឺណិតល្បឿនលឿនត្រូវបានបំពាក់ទៅដល់ភូមិ-ឃុំ។ ហើយនៅពេលខាងមុខនេះ ភូមិឌីជីថល នឹងអាចប្រើប្រាស់នូវសេវាបង្រៀនពីចម្ងាយ ការពិគ្រោះជំងឺពីចម្ងាយ ការគ្រប់គ្រងគ្រោះអាសន្ន ការបែងចែកព័ត៌មាន បម្រើដល់ប្រយោជន៍សាធារណ:ទៅដល់ភូមិ-ឃុំ និងសេវាផ្សេងៗទៀត ដែលសម្រួលដល់ការរស់នៅ និងជួយលើកស្ទួយដល់បែបផែននៃជីវិត ក៏ដូចជាការកាត់បន្ថយនូវគម្លាតផ្នែកឌីជីថលរវាងទីក្រុង និងជនបទផងដែរ។ ជាពិសេស ដើម្បីធ្វើអោយគម្រោងនេះទទួលបានជោគជ័យ ផ្តល់អត្ថប្រយោជន៍ជាអតិបរមាដល់ប្រជាពលរដ្ឋ នៅស្រុកទ្រាំង ខេត្តតាកែវ សម្រាប់ពង្រីកគម្រោង ភូមិឌីជីថល ទៅទីកន្លែងផ្សេងៗទៀត នៅក្នុងប្រទេសកម្ពុជា។
ក្នុងឱកាសនោះដែរ គណៈប្រតិភូសាធារណរដ្ឋឥណ្ឌាបានសម្តែងការថ្លែងអំណរគុណ និងសេចក្តីរីករាយចំពោះដំណើរទស្សនកិច្ចសិក្សានេះនឹងនាំយកនូវធាតុចូលដ៏មានសារ:សំខាន់ៗដែលប្រមូលបានក្នុងបេសកកម្មនេះ ក្នុងការអភិវឌ្ឍ និងអនុវត្តគម្រោងនាពេលខាងមុខផងដែរ៕