លោកជំទាវរដ្ឋលេខាធិការ រស់ សូរក្ខា អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាដើម្បីផ្សព្វផ្សាយប្រកាស ស្តីពី “បែបបទនិងនីតិវិធីនៃការផ្តល់ព័ត៌មានអំពីការសាងសង់ តម្លើងរុះរើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ នៅតាមភូមិសាស្រ្តខេត្ត”
លោកជំទាវ រស់ សូរក្ខា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
ខេត្តស្ទឹងត្រែង ៖ ថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តស្ទឹងត្រែង លោកជំទាវរដ្ឋលេខាធិការ រស់ សូរក្ខា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាដើម្បីផ្សព្វផ្សាយប្រកាសស្តីពី “បែបបទ និងនីតិវិធីនៃការផ្តល់ព័ត៌មានអំពីការសាងសង់ តម្លើង រុះរើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ នៅតាមភូមិសាស្ត្រខេត្ត”។
សិក្ខាសាលានេះ រៀបចំដោយនាយកដ្ឋានគោលនយោបាយទូរគមនាគមន៍ នៃអគ្គនាយកដ្ឋានប្រៃសណីយ៍ និងទូរគមនាគមន៍ រួមជាមួយមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តស្ទឹងត្រែង គោលបំណងដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង ការពង្រឹងសុវត្ថិភាព សោភ័ណភាព និងការការពារបរិស្ថាន ជូនដល់មន្រ្តីរាជការ នៃមន្ទីរ ប.ទ.ខេត្តស្ទឹងត្រែង រួមទាំងមន្រ្តីរាជការមកពីបណ្តាមន្ទីរ ប.ទ. នៃខេត្តជិតខាងដូចជា កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ ព្រៃវែង ស្វាយរៀង ព្រះវិហារ ក្រចេះ រតនគីរី មណ្ឌលគីរី មន្ត្រីរាជការនៃសាលាខេត្ត មន្ទីរពាក់ព័ន្ធ និងតំណាងសាខាប្រតិបត្តិករទូរគមនាគមន៍ ក្រុមហ៊ុនបំរើសេវាអុីនធឺណិតមានទីតាំងនៅក្នុងខេត្តស្ទឹងត្រែង៕