កិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យា និងក្រុមប្រឹក្សានិយ័តកម្មទូរគមនាគមន៍ ក្រៅផ្លូវការអាស៊ានលើកទី១ (1st ASEAN TELSOM-ATRC Leaders’ Retreat) នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន
ប្រទេសហ្វីលីពីន ៖ នៅថ្ងៃអង្គារ ០៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម តុល ញ៉ក់ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារឧត្តមមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាកម្ពុជា បានដឹកនាំប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យា និងក្រុមប្រឹក្សានិយ័តកម្មទូរគមនាគមន៍ ក្រៅផ្លូវការអាស៊ានលើកទី១ (1st ASEAN TELSOM-ATRC Leaders’ Retreat) រយ:ពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
កិច្ចប្រជុំនេះបានពិភាក្សាលើរបៀបវារ:សំខាន់ៗមួយចំនួន រួមមាន៖
– ពិភាក្សាលើចំណុចសំខាន់ៗ តាមការប្រគល់ភារកិច្ចពីកិច្ចប្រជុំក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រីឌីជីថលអាស៊ានកាលពីថ្ងៃទី២៨-២៩ ខែមីនា ឆ្នាំ២០១៩ នៅប្រទេសថៃ ដែលផ្តោតលើ៖
(១) ស្នើពិចារណាប្តូរឈ្មោះពីកិច្ចប្រជុំរដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ាន (TELMIN) ទៅជាកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន (២) ពិនិត្យពិចារណាលើធាតុចូលថ្មីៗទៅក្នុងផែនការមេបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន អាស៊ាន ២០២៥ និង (៣) ពិនិត្យ និងពិចារណាបង្កើតឱ្យមានយន្តការកិច្ចពិភាក្សាជាមួយវិស័យដទៃទៀតនៅក្នុងសសរស្តម្ភ សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ទាក់ទងនឹងប្រធានបទ ការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្ម ៤.០។
-ត្រួតពិនិត្យនិងពិភាក្សាចំពោះវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថិតក្នុងផែនការសកម្មភាព២០១៩ ក្នុងក្របខ័ណ្ឌផែនការមេអាស៊ានលើវិស័យ ICT (AIM 2020)
– ពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុ របស់មូលនិធិ ICT អាស៊ាន
– ពិនិត្យ ពិភាក្សានិងកំណត់គម្រោងអាទិភាព ដែលប្រទេសជាសមាជិកអាស៊ានស្នើឡើងសម្រាប់អនុវត្តក្នុងឆ្នាំ២០២០ខាងមុខ ដោយប្រើប្រាស់កញ្ចប់មូលនិធិ ICT អាស៊ាន
– ពិភាក្សាលើការវាយតម្លៃចុងបញ្ចប់លើការអនុវត្តផែនការមេ ICT អាស៊ាន 2020 (AIM-2020)
– ពិនិត្យពិចារណាក្នុងការរៀបចំផែនការមេ ICT អាស៊ានថ្មី (AIM 2025)
– ពិភាក្សាលើប្រធានបទអាទិភាព ដើម្បីស្វែងរកកិច្ចសហការជាមួយដៃគូខាងក្រៅជាដើម៕