ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក ទទួលជួបពិភាក្សាការងារជាមួយអគ្គនាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំអាស៊ីអាគ្នេយ៍
នារសៀលថ្ងៃព្រហស្បតិ៍ ០៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យលោក Ramesh Subramaniam អគ្គនាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំអាស៊ីអាគ្នេយ៍ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
នាឱកាសជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីបានមានមតិស្វាគមន៍និងថ្លែងអំណរគុណធនាគារអភិវឌ្ឍន៍អាស៊ី ដែលតែងតែយកចិត្តទុកដាក់ និងជួយជ្រោមជ្រែងដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍនិងកាត់បន្ថយភាពក្រីក្រ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកអំពីស្ថានភាពបច្ចុប្បន្ននៃការរីកចម្រើននៃវិស័យទូរគមនាគមន៍ ប្រៃសណីយ៍ និង បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបច្ចុប្បន្នបណ្ដាញខ្សែកាប្លិ៍អុបទិកមានប្រវែងសរុបប្រមាណជាង ៤ម៉ឺនគីឡូម៉ែត្រនៅទូទាំងប្រទេស។
ជាការឆ្លើយតប លោក Ramesh Subramaniam បានកោតសរសើរដល់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសកន្លងមក ហើយធនាគារអភិវឌ្ឍន៍អាស៊ីគឺជាដៃគូអភិវឌ្ឍន៍យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។ បេសកកម្មរបស់លោកនៅកម្ពុជា គឺដើម្បីជួបពិភាក្សាការងារជាមួយបណ្ដាមន្ត្រីជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពិភាក្សាការងារនិងប្រមូលធាតុចូលសម្រាប់ការរៀបចំចងក្រងផែនការយុទ្ធសាស្ត្រនៃភាពជាដៃគូ២០១៩-២០២៣។
ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវនូវអាទិភាពសំខាន់ៗដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាននិងកំពុងយកចិត្តទុកដាក់ដើម្បីត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤.០។ ក្នុងនោះការរៀបចំគោលនយោបាយ បទដ្ឋានគតិយុត្តនានាដើម្បីទ្រទ្រង់ ហិរញ្ញវត្ថុឌីជីថល រដ្ឋាភិបាលឌីជីថល e-Commerce ការអភិវឌ្ឍធនធានមនុស្ស ការតភ្ជាប់ឌីជីថល ការពង្រីកវិសាលភាពនៃសេវាប្រៃសណីយ៍ជាដើម គឺជាកិច្ចការសំខាន់ៗដែលក្រសួងបាននិងកំពុងផ្តោតការយកចិត្តទុកដាក់។
ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំដល់ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងការផ្តល់កិច្ចសហការផ្នែកបច្ចេកទេសដើម្បីតាក់តែងគោលនយោបាយ និងបទដ្ឋានគតិយុត្ត ក៏ដូចជាការអភិវឌ្ឍធនធានមនុស្សផ្នែកបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) និងស្នើសុំនូវការបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើគម្រោងដែល ADB បានអនុវត្តនិងសម្រេចបាននៅក្នុងតំណាក់កាលកន្លងមក ដូចជាគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មនៅជុំវិញតំបន់បឹងទន្លេសាបជាដើម៕