ឯកឧត្តមអនុរដ្ឋលេខាធិការ កុយ ពុំ អញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលបឋមសម្រាប់តម្រង់ទិសមន្ត្រីក្របខណ្ឌថ្មី ឆ្នាំ២០១៨
រាជធានីភ្នំពេញ៖ រសៀលថ្ងៃព្រហស្បតិ៍ ០៦កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តមអនុរដ្ឋលេខាធិការ កុយ ពុំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលបឋមសម្រាប់តម្រង់ទិសមន្ត្រីក្របខណ្ឌថ្មី ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីក្របខ័ណ្ឌថ្មី ឆ្នាំ២០១៨ ជាច្រើនកុះករផងដែរ។
ឯកឧត្តមអនុរដ្ឋលេខាធិការ កុយ ពុំ បានមានប្រសាសន៍ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាក្រសួងបច្ចេកវិទ្យាដែលកំពុងត្រៀមខ្លួនគាំទ្រដល់ក្របខណ្ឌគោលសេដ្ឋកិច្ចឌីជីថល ដោយផ្តោតលើ ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យឌីជីថល ការរៀបចំប្រព័ន្ធទូទាត់សាច់ប្រាក់អេឡិកត្រូនិក ការបង្កើតថ្នាលឌីជីថល និងការអភិវឌ្ឍប្រព័ន្ធធុរៈកិច្ចឌីជីថល និងទិន្នន័យបើកចំហ។ ក្នុងន័យនេះ ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីរាជការ គឺជាការចាំបាច់ដើម្បីអភិវឌ្ឍន៍សមត្ថភាពមន្ត្រី អោយស្របតាមការវិវឌ្ឍនៃបច្ចេកវិទ្យា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមអនុរដ្ឋលេខាធិការ សង្ឃឹមថា កម្មសិក្សាការីទាំងអស់នៃវគ្គបណ្តុះបណ្តាលបឋម រយៈពេល ៣ថ្ងៃនេះនឹងយកនូវចំណេះដឹងដែលទទួលបានពីការសិក្សាទៅប្រើប្រាស់ក្នុងសាម៉ីអង្គភាព និងព្យាយាមប្រើប្រាស់អោយមានប្រសិទ្ធភាព។ លើសពីនេះទៀត កម្មសិក្សាការី ត្រូវខិតខំសិក្សាស្រាវជ្រាវ និងពង្រីកការយល់ដឹងបន្ថែមលើគោលនយោបាយ និងក្របខណ្ឌគតិយុត្តដែលពាក់ព័ន្ធនឹងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដើម្បីក្លាយខ្លួនទៅជាធនធានដ៏មានសារៈសំខាន់សម្រាប់ជម្រុញក្នុងដំណើរការអភិវឌ្ឍវិស័យរបស់ក្រសួង។ មុននឹងបញ្ចប់ ឯកឧត្ដមអនុរដ្ឋលេខាធិការ បានអញ្ជើញប្រគល់វិញ្ញាបនបត្រ ជូនដល់មន្ត្រីកម្មសិក្សាចំនួន ៦៦រូប ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលបឋមនេះ ដោយជោគជ័យផងដែរ៕