ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ សារ៉ាក់ ខាន់ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលបឋមសម្រាប់តម្រង់ទិសមន្ត្រីក្របខណ្ឌថ្មី ឆ្នាំ២០១៨
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ០៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ សារ៉ាក់ ខាន់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលបឋមសម្រាប់តម្រង់ទិសមន្ត្រីក្របខណ្ឌថ្មី ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីក្របខ័ណ្ឌថ្មី ឆ្នាំ២០១៨ សរុបចំនួន ១២០នាក់ ដែលនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ដោយមានការចូលរួមធ្វើបទបង្ហាញពីសំណាក់មន្ត្រីជំនាញមកពីបណ្ដាអង្គភាពក្រោមឱវាទក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទាំងមូល។
ឯកឧត្តម សារ៉ាក់ ខាន់ រដ្ឋលេខាធិការប្រចាំការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបន្តទៀតថា វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើង ក្នុងគោលបំណងចែករំលែកបទពិសោធន៍ និងចំណេះដឹងទូទៅដែលក្នុងនាមមន្ត្រីរាជការគួរតែយល់ដឹង រួមមាន៖ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងរចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់ក្រសួងទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល ចំណេះដឹងមូលដ្ឋាននៃការរក្សាសុវត្ថិភាពទិន្នន័យលើការប្រើប្រាស់កុំព្យូទ័រ និងបណ្តាញសង្គម ព្រមទាំងឲ្យយល់ដឹងនូវលិខិតបទដ្ឋានគតិយុត្តមួយចំនួនទៀត ដែលបាននឹងកំពុងអនុវត្តក្នុងការងារប្រចាំថ្ងៃនៅតាមបណ្តាអង្គភាពក្រោមឱវាទក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីទុកជាដើមទុនសម្រាប់មន្ត្រីក្របខ័ណ្ឌថ្មីយកទៅអនុវត្តក្នុងការងារជាក់ស្តែងនៅតាមអង្គភាពរៀងៗខ្លួន៕