ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីសិក្សាអំពីលទ្ធភាពក្នុងការវិនិយោគកសាងបណ្ដាញខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រពីព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេសចិន
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ០៧កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ដើម្បីធ្វើការសិក្សាអំពីលទ្ធភាពក្នុងការវិនិយោគកសាងបណ្ដាញខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ពីព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេសចិន ជាមួយនឹងក្រុមហ៊ុន Huawei Technology Co. Ltd និងក្រុមហ៊ុន China Communications Construction Company Limited។
ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
ក្នុងកិច្ចប្រជុំនេះ ក៏មានការធ្វើបទបង្ហាញអំពីគំរូនៃកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនធំទាំងពីរ ក្នុងការផ្តល់នូវដំណោះស្រាយជាកញ្ចប់ក្នុងការកសាងបណ្តាញខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ។ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក ក៏បានស្វាគមន៍ និងឯកភាពឱ្យមានកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការចូលរួមសិក្សា និងស្នើលើកគម្រោងវិនិយោគខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ៕