លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ ដឹកនាំប្រតិភូក្រសួង ទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីស្វែងយល់ពីបទពិសោធន៍នៃការអភិវឌ្ឍវិស័យប្រៃសណីយ៍
ប្រទេសវៀតណាម៖ លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីសិក្សាស្វែងយល់ពីបទពិសោធន៍នៃការគ្រប់គ្រង និងការអភិវឌ្ឍវិស័យប្រៃសណីយ៍របស់រៀតណាម។
នៅក្នុងដំណើរទស្សនកិច្ចនោះ ប្រតិភូកម្ពុជាត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានពិភាក្សាការងារជាមួយ ឯកឧត្តម Nguyen Thanh Hung អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងគមនាគមន៍វៀតណាម និងបានសិក្សាស្វែងយល់ពីច្បាប់គោលនយោបាយ បទដ្ឋានគតិយុត្តិ រចនាសម្ព័ន្ធ តួនាទី ភារកិច្ចរបស់ក្រសួង-មន្ទីរនៅតាមខេត្ត និងបទពិសោធន៍នានានៃការគ្រប់គ្រង ការអភិវឌ្ឍវិស័យប្រៃសណីយ៍នាពេលកន្លងមក តាមរយៈជំនួបពិភាក្សាការងារជាមួយនាយកដ្ឋានប្រៃសណីយ៍ និងមន្ទីរប្រៃសណីយ៍នៃក្រសួងព័ត៌មាន និងគមនាគមន៍នៃប្រទេសវៀតណាម។
ជាមួយគ្នានេះ ប្រតិភូក៏បានទស្សនកិច្ចអំពីប្រតិបត្តិការជាក់ស្តែងនៃប្រៃសណីយ៍វៀតណាម នៅថ្នាក់ស្រុក និងឃុំ នឹងស្វែងយល់ពីសេវាផ្សេងៗ ដែលប្រៃសណីយ៍វៀតណាម បានបំរើសេវាជូនប្រជាជន ទៅដល់មូលដ្ឋាន។ ប្រតិភូ ក៏បានទស្សនកិច្ចនៅសហគ្រាសប្រៃសណីយ៍វៀតណាម ក្រុមហ៊ុន Veittel Post ក្រុមហ៊ុនសាជីវកម្ម CMC ដែលផ្តល់ដំណោះស្រាយ ICT នានាលើការបង្កើនប្រសិទ្ធភាពការងារ និង ក្រុមហ៊ុនបញ្ញើឆាប់រហ័សEMS ផងដែរ។
ដំណើរទស្សនកិច្ចលើកនេះ ប្រតិភូកម្ពុជាបានទទួលនូវព័ត៌មាន និងបានដកបទពិសោធន៍ ព្រមទាំងទស្សន:សំខាន់ៗនៃការអភិវឌ្ឍវិស័យប្រៃសណីយ៍របស់វៀតណាម ដែលរួមចំណែកជាធាតុចូលក្នុងការតាក់តែងគោលនយោបាយ និងរៀបចំបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រង អភិវឌ្ឍន៍វិស័យប្រៃសណីយ៍នៅកម្ពុជា នាពេលខាងមុខ៕