ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការអនុវត្តគម្រោងឆាប់ទទួលបានផល (Quick Impact Project, QIP)នៅកម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២០
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ០២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីការអនុវត្តគម្រោងឆាប់ទទួលបានផលនៅកម្ពុជាសម្រាប់ឆ្នាំ២០១៩-២០២០ ចំនួន ០២គម្រោង ដែលមានទឹកប្រាក់សរុបប្រមាណ១០ម៉ឺនដុល្លារ ក្រោមកិច្ចសហប្រតិបត្ដិការមេគង្គ-គង្គា។ ពិធីនេះមានការអញ្ជើញចូលរួមជាសក្ខីភាពដោយ ឯកឧត្តមរដ្ឋលេខាធិការ លុយ ដាវីត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
សម្រាប់គម្រោងទាំងពីរដែលបានចុះហត្ថលេខានេះ គម្រោងទី១ទាក់ទងនឹង ការកសាងសមត្ថភាព លើការអនុវត្តសេវាសាធារណៈឌីជីថល និងសន្តិសុខព័ត៌មានសម្រាប់ភ្នាក់ងាររដ្ឋាភិបាល និង គម្រោងទី២ ទាក់ទងនឹងយុទ្ធនាការដើម្បីបង្កើនការយល់ដឹងពីហានិភ័យនៃប្រព័ន្ធអនឡានដល់កុមារ។
គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលឥណ្ឌាបានផ្តល់ការឧបត្ថម្ភលើគម្រោងឆាប់ទទួលផល(QIP) សរុបចំនួន១៨ ដែលបានដាក់ពីក្រសួងស្ថាប័នពាក់ព័ន្ធ ដែលមានទឹកប្រាក់សរុបប្រមាណ៨៩ម៉ឺនដុល្លារសម្រាប់ឆ្នាំ២០១៩-២០២០។ កិច្ចព្រមព្រៀងគម្រោងនេះ មានគោលបំណង ដើម្បីបង្កើនសកម្មភាពលើកិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យា គមនាគមន៍និងព័ត៌មាន និងសម្រេចនូវលទ្ធផលថ្មីៗ ហើយផ្តល់អត្ថប្រយោជន៍ដល់កម្ពុជាកាន់តែប្រសើរថែមទៀត៕