ឯកឧត្តម ត្រាំ អុីវតឹក អញ្ជើញជាអធិបតីក្នុងពិធីប្រកាសក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃអង្គារ ០២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ នៅសាលាស្រុកទឹកផុស ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទឹកផុស ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា។ ពិធីប្រកាសតែងតាំងនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទឹកផុស និងប្រជាពលរដ្ឋ សរុបប្រមាណ ២៤៤ នាក់។
ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមប្រធាន បានលើកឡើងថា ដើម្បីគាំទ្រ និងរួមចំណែកជម្រុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់ការទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយ និងកម្មវិធកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានសម្រេចបន្តចាត់តាំងក្រុមការងារថ្នាក់ជាតិដើម្បីចុះបេសកកម្មតាមមូលដ្ឋានរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ សំដៅបន្តអនុវត្តកម្មវិធីនយោបាយប្រកបដោយប្រសិទ្ធភាពនៅគ្រប់មូលដ្ឋាននៅទូទាំងប្រទេស។ ឯកឧត្តមប្រធាន បានបន្តទៀតថា ក្រុមការងារថ្នាក់ជាតិ មានតួនាទីលើកកម្ពស់ការដឹកនាំសម្របសម្រួល គាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការលើកកម្ពស់ការផ្តល់សេវា ការអភិវឌ្ឍន៍មូលដ្ឋាន ការដោះស្រាយបញ្ហានានាដើម្បីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធាន បានបើកវេទិការសាធារណៈ ដើម្បីបកស្រាយចម្ងល់ និងឆ្លើយតបទៅនឹងសំណូមពរចាំបាច់នានាក្នុងមូលដ្ឋាន ជាពិសេស គឺដើម្បីអនុវត្តន៍គោលនយោបាយក្នុងការអភិវឌ្ឍភូមិ ឃុំ និងគោលនយោបាយ យុទ្ធសាស្ត្រចតុកោណ ដំណាក់ការទី៤ របស់រាជរដ្ឋាភិបាល ហើយបានលើកនូវវិធានការដើម្បីដោះស្រាយសម្រាប់អនុវត្តន៍អោយមានប្រសិទ្ធភាពផងដែរ៕