ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អនុញ្ញាតឱ្យនាយិកាកម្មវីធីស្បៀងអាហារពិភពលោក (WFP) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
រាជធានីភ្នំពេញ៖ រសៀលថ្ងៃសុក្រ ០៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យលោកស្រី Francesca Erdelmann នាយិកាកម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រចាំនៅប្រទេសកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្វែងយល់ពីផលប្រយោជន៍រួម និងលទ្ធភាពនៃកិច្ចសហការក្រោមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសនៅក្នុងការទាក់ទងទៅនឹងការផ្លាស់ប្តូរឌីជីថល។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ជម្រាបលោកស្រីនាយិកាពីយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងអាទិភាពដែលក្រសួងកំពុងផ្តោតការយកចិត្តទុកដាក់ដែលក្នុងនោះរួមមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ការកសាងបទដ្ឋានគតិយុត្ត ការកសាងសមត្ថភាព ការពង្រឹងសន្តិសុខព័ត៌មានវិទ្យា រដ្ឋាភិបាលអេឡិចត្រូនិច ការអភិវឌ្ឍអុីនធឺណិតល្បឿនលឿនទៅដល់ជនបទ។ ឯកឧត្តមក៏បានជម្រាបជូនភ្ញៀវពីគម្រោងមួយចំនួនដែលក្រសួងបានសហការរៀបចំជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) ទៅដល់សិស្សនៅវិទ្យាល័យផងដែរ។
ក្នុងឱកាសនោះដែរ លោកស្រី Francesca Erdelmann បានប្រគល់ជូនឯកឧត្តមរដ្ឋមន្ត្រីនូវផែនការយុទ្ធសាស្ត្រជាតិថ្មីសម្រាប់សន្តិសុខស្បៀង និងអាហាររូបត្ថម្ភនៃកម្មវិធីស្បៀងអាហារពិភពលោក (WFP) សម្រាប់រយៈពេល ៥ឆ្នាំ (២០១៩-២០២៣) ព្រមទាំងបានជម្រាបជូនពីផែនការរបស់ WFP ក្នុងការប្រើប្រាស់កម្មវិធី Apps ក្នុងគម្រោងមួយចំនួន ហើយបានស្នើសុំកិច្ចសហការជាមួយក្រសួងនាពេលខាងមុខ។
ឯកឧត្តមរដ្ឋមន្ត្រី បានឯកភាពលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួង និងកម្មវិធី WFP ពិសេសការទាញយកដំណោះស្រាយបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្នុងការបម្រើដល់ការទទួលបានព័ត៌មានទាន់ពេលវេលា ពីអាហារូបត្ថម្ភ និងការគ្រប់គ្រងហានិភ័យនានាអោយកាន់តែប្រសើរឡើង។
*គូសបញ្ជាក់ផងដែរថា៖ កម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ គឺជាភ្នាក់ងារមនុស្សធម៌ធំបំផុតប្រឆាំងនឹងភាពអត់ឃ្លាននៅទូទាំងពិភពលោក ដើម្បីធានាថាគ្មានកុមារណាម្នាក់ដែលចូលគេងទាំងនៅឃ្លានអាហារឡើយ ហើយគ្រួសារក្រីក្រនិងគ្រួសារងាយរងគ្រោះទាំងអស់ ជាពិសេសស្រ្ដីនិងកុមារអាចទទួលបាននូវអាហារដែលមានអាហាររូបត្ថម្ភតាមតម្រូវការរបស់ពួកគេ៕