ពិធីប្រកាសផ្សព្វផ្សាយ និងអនុវត្តន៍អនុក្រឹត្យលេខ ៦៤ អនក្រ បក. ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ០៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយ និងអនុវត្តន៍អនុក្រឹត្យលេខ ៦៤ អនក្រ បក. ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សរុបចំនួន ២៧០នាក់។
ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានលើកឡើងថា ដើម្បីពង្រឹងនូវប្រសិទ្ធផលការងារ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលបានកែប្រែថ្មី ដោយធ្វើការបំបែកអគ្គនាយកដ្ឋានប្រៃសណីយ៍ និងទូរគមនាគមន៍ ជាពីរគឺ (១). អគ្គនាយកដ្ឋានប្រៃសណីយ៍ (២).អគ្គនាយកដ្ឋានទូរគមនាគមន៍ ដាច់ដោយឡែកពីគ្នា និងបានបង្កើតនូវអគ្គនាយកដ្ឋានថ្មីមួយបន្ថែមទៀតគឺ អគ្គនាយកដ្ឋានគ្រប់គ្រងធនធានវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ ដែលមានតួនាទី និងភារកិច្ចគ្រប់គ្រង រៀបចំគោលនយោបាយ នៃធនធានវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ អោយស្របតាមការរីកចម្រើនលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន របស់សកលលោក។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា គោលបំណងនៃការកែសម្រួលរចនាសម្ព័ន្ធថ្មីនេះ គឺដើម្បីពង្រឹងដល់ការគ្រប់គ្រង ការដឹកនាំវិស័យទាំងបីឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងដើម្បីត្រៀមខ្លួនឆ្លើយតបទៅនឹងការរីកចម្រើននៃវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ជាពិសេសសម្រាប់បដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ និងប្រព័ន្ធឌីជីថល។ លើសពីនេះទៀតគឺ ដើម្បីរួមចំណែកក្នុងការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដែលជាកត្តាគន្លឹះមួយក្នុងការកំណត់នូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ជាពិសេសការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង និងប្រកបដោយប្រសិទ្ធភាព។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា ក្រោយពីការធ្វើកំណែទម្រង់ និងកែសម្រួលរចនាសម្ព័ន្ធថ្មីរបស់ក្រសួងរួចមក ការដឹកនាំ និងការគ្រប់គ្រងលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នឹងមានការរីកចម្រើនថែមទៀត ស្របទៅនឹងគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល៕
ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍