ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ ទទួលជួបពិភាក្សាការងារជាមួយលោកប្រធាននាយកដ្ឋានឧស្សាហកម្ម នវានុវត្តន៍ និងសហគ្រិនភាពនៃសាលាក្រុង Novosibirsk ប្រទេសរុស្ស៊ី
រាជធានីភ្នំពេញ៖ រសៀលថ្ងៃពុធ ០២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានទទួលជួបពិភាក្សាការងារជាមួយលោក Alexander Lyulko ប្រធាននាយកដ្ឋានឧស្សាហកម្ម នវានុវត្តន៍ និងសហគ្រិនភាពនៃសាលាក្រុង Novosibirsk ប្រទេសរុស្ស៊ី ដើម្បីស្វែងយល់ពីសក្តានុពលនៃប្រទេសកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ពិសេសរវាងក្រុង Novosibirsk និងខេត្ត-ក្រុង នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
នាឱកាសជំនួបនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ បានរំលឹកពីទំនាក់ទំនងរវាងប្រទេសយើងទាំងពីរដែលមានជាយូរយារណាស់មកហើយ និងបានជម្រាបជូនពីអាទិភាពនានាដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បាននឹងកំពុងអនុវត្តន៍។
លោក Alexander Lyulko បានកោតសរសើរពីការរីកចម្រើននៅក្នុងប្រទេសកម្ពុជា ពិសេសកម្លាំងយុវជនដែលមានច្រើននៅក្នុងចំណោមប្រជាជនរបស់កម្ពុជា ហើយលោកបានជម្រាបជូន នូវសក្តានុពលនៃទីក្រុង Novosibirsk ដែលជាទីក្រុងមួយដែលមានភាពល្បីល្បាញផ្នែកវិទ្យាសាស្ត្រ ស្រាវជ្រាវ អប់រំ ឧស្សាហកម្ម ផងដែរ។ លើសពីនេះទៀត លោក Alexander Lyulko ក៏បានបង្ហាញនូវចំណាប់អារម្មណ៍ ក្នុងការជួយដល់ការបណ្តុះបណ្តាលធនធានមនុស្សផ្នែក ព័ត៌មានវិទ្យា (IT) និងមានបំណងអញ្ជើញប្រតិភូកម្ពុជា ទៅទស្សនកិច្ចនៅទីក្រុង Novosibirsk នៅពេលខាងមុខផងដែរ៕