ពិធីបិទសិក្ខាសាលាពិភាក្សាស្តីពី “ទម្រង់វេបសាយរួម មាតិកាព័ត៌មានវេបសាយសាលារាជធានី- ខេត្ត និងបណ្តុះបណ្តាលអំពីរបៀបប្រើប្រាស់ប្រព័ន្ធវេបសាយ និងអុីម៉ែល”
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម អេ សុភា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីបិទសិក្ខាសាលាពិភាក្សាស្តីពី “ទម្រង់វេបសាយរួម មាតិកាព័ត៌មានវេបសាយសាលារាជធានី- ខេត្ត និងបណ្តុះបណ្តាលអំពីរបៀបប្រើប្រាស់ប្រព័ន្ធវេបសាយ និងអុីម៉ែល”។ សិក្ខាសាលាបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៩ ដល់៣១ ខែកក្កដា ឆ្នាំ២០១៩។
ក្នុងមតិបិទអង្គសិក្ខាសាលា ឯកឧត្តមអនុរដ្ឋលេខាធិការ អេ សុភា បានមានប្រសាសន៍ថា សិក្ខាកាមទាំងអស់ពិតជាបានទទួលចំណេះដឹងទាំងផ្នែកទ្រឹស្ដី និងការអនុវត្តជាក់ស្ដែងមែនអំពី ការគ្រប់គ្រងប្រព័ន្ធវេបសាយនិងប្រព័ន្ធអ៊ីម៉ែល សន្តិសុខវេបសាយនិងការប្រើប្រាស់អ៊ីម៉ែល ព្រមទាំងយន្តការក្នុងការប្រមូលមាតិកាព័ត៌មាន។ ជាលទ្ធផលឃើញថា សាលារដ្ឋបាលខេត្តទាំង ១៣ ដែលបានស្នើសុំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍គាំទ្របច្ចេកទេស ចេះចូលទៅគ្រប់គ្រងប្រព័ន្ធវេបសាយដោយខ្លួនឯងបាន ដើម្បីកែប្រែទំរង់វេបសាយ និងមាតិកាព័ត៌មាន ព្រមទាំងដាក់ដំណើរការសាកល្បងដោយជោគជ័យ។
លើសពីនេះ ក៏មានកិច្ចពិភាក្សាអំពី ស្តង់ដា យន្តការផ្តល់សេវានៅថ្នាក់ក្រោមជាតិ និងទំរង់វេយសាយ ដែលទទួលបានផ្លែផ្កាដ៏ប្រសើគឺគំនិតឯកភាពរួមមួយ ទាំងស្តង់ដា យន្តការ និងទំរង់នៃវេបសាយ។ លទ្ធផលនៃកិច្ចពិភាក្សានេះ គឺជាធាតុចូលដ៏សំខាន់ដើម្បីបន្តកែលំអ វេបសាយរដ្ឋបាលរាជធានី-ខេត្ត ឲ្យកាន់តែមានភាពទាក់ទាញ ងាយរក ងាយយល់ ងាយប្រើ និងងាយទទួលបានព័ត៌មាន។
មុននឹងបញ្ចប់ ឯកឧត្តមអនុរដ្ឋលេខាធិការ សង្ឃឹមថា ក្នុងពេលដ៏ខ្លីខាងមុខនេះ ប្រជាពលរដ្ឋ អាជីវករ ភ្ញៀវទេសចរណ៍ជាតិ- អន្តរជាតិ ព្រមទាំងមន្ត្រីរាជការនៅថ្នាក់ក្រោមជាតិនឹងអាចទទួលបានព័ត៌មានយ៉ាងរហ័ស និងប្រកបដោយគុណភាព ពាក់ព័ន្ធនឹងជីវភាពប្រចាំថ្ងៃ ដូចជា សុខភាព អប់រំ សេដ្ឋកិច្ច ទេសចរណ៍ កសិកម្ម សេវារដ្ឋបាល និងសេវាសាធារណៈផ្សេងៗ ដែលផ្ដល់ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ប្រកបដោយដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងបរិយាប័ន្ន។ លើសពីនេះ ប្រជាពលរដ្ឋក៏នឹងអាចប្រើប្រាស់សេវាចូលរួមមតិឌីជីថល (E-Participation) ដើម្បីអាចផ្តល់ គំនិត មតិយោបល់ សេចក្តីត្រូវការ ឬសំណូមពរផ្សេងៗ ដើម្បីដោះស្រាយនូវកង្វល់របស់ខ្លួន និងចូលរួមអភិវឌ្ឍជាមួយរដ្ឋាភិបាល៕