ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម អនុរដ្ឋមន្ត្រីទី១ នៃក្រសួងឧស្សាហកម្ម របស់សាធារណរដ្ឋបេឡារុស នៅទីស្តីការក្រសួង
រាជធានីភ្នំពេញ៖ រសៀលថ្ងៃពុធ ០៨រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ ដែលដឹកនាំដោយ ឯកឧត្តម Gennady Svidersky អនុរដ្ឋមន្ត្រីទី១ នៃក្រសួងឧស្សាហកម្មនៃសាធារណរដ្ឋបេឡារុស នៅក្នុងឱកាសដែល ឯកឧត្តម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការ ចម្រុះលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងកម្ពុជា និងបេឡារុស ដែលប្រព្រឹត្តទៅពីថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។
នៅក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានជម្រាបជូនភ្ញៀវពីការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា ដែលរក្សាបាននូវកំណើនខ្ពស់ជាប់ៗគ្នាតាមរយៈយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងបានជម្រាបពីស្ថានភាពនៃការអភិវឌ្ឍនៃវិស័យទូរគមនាគមន៍ និងICT នៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីអាទិភាពសំខាន់ៗមួយចំនួនសម្រាប់ត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤.០ នៅក្នុងនោះរួមមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការកសាងបទដ្ឋានគតិយុត្តិ ការអភិវឌ្ឍធនធានមនុស្ស ការបណ្តុះបណ្តាលលើបច្ចេកវិទ្យាឌីជីថល និងសហគ្រិនភាពផងដែរ ដែលនេះក៏មានសារៈសំខាន់ផងដែរ ក្នុងការគាំទ្រដល់ការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល ដែលក្រសួងកំពុងរៀបចំ។
ឯកឧត្តម Gennady Svidersky អនុរដ្ឋមន្ត្រីទី១ នៃក្រសួងឧស្សាហកម្មនៃសាធារណរដ្ឋបេឡារុស បានជម្រាបជូននូវស្ថានភាពសេដ្ឋកិច្ច និងភាពខ្លាំងរបស់បេឡារុសក្នុងការផលិតកម្មគ្រឿងយន្ត ឧបករណ៍កសិកម្ម ដែក ផលិតផលអុបទិក អេឡិកត្រូនិក Hi-Tech ក៏ដូចជារដ្ឋាភិបាលអេឡិកត្រូនិកផងដែរ។ ឯកឧត្តមបានលើកឡើងពីទំហំប្រជាជននៅក្នុងប្រទេស ប្រហាក់ប្រហែលគ្នា ហើយបានត្រៀមខ្លួនរួចហើយ ក្នុងការចែករំលែកបទពិសោធ ចំណេះដឹងរវាងគ្នា និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ជាមួយព្រះរាជាណាចក្រកម្ពុជា។ កិច្ចពិភាក្សាបានបញ្ចប់ ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល៕