ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមក្នុងវេទិកានវានុវត្តន៍បណ្តាញនាពេលអនាគតរបស់បណ្តាប្រទេស BRICS នៅសាធារណរដ្ឋប្រជាមានិតចិន
នាថ្ងៃអង្គារ ០៦កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមវេទិកានវានុវត្តន៍បណ្តាញនាពេលអនាគតរបស់បណ្តាប្រទេស BRICS “BRICS Future Network Innovation Forum” នៅទីក្រុងសិនជិន នៃសាធារណរដ្ឋប្រជាមានិតចិន។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមនៅក្នុងវេទិកានវានុវត្តន៍បណ្តាញនាពេលអនាគតរបស់បណ្តាប្រទេស BRICS និងបានឡើងថ្លែងសុន្ទរថាគន្លឹះជម្រាបជូនពីការរីកចម្រើន និងគោលនយោបាយរបស់ព្រះរាជាណាចក្រកម្ពុជាលើវិស័យបច្ចកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) ជាពិសេសបណ្តាញខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ដែលមានការអភិវឌ្ឍជាបន្តបន្ទាប់ដើម្បីពង្រឹងបន្ថែមនៃហេដ្ឋារចនាសម្ព័ន្ធសម្រាប់ឆ្លើយតបនឹងតម្រូវការកើនឡើងនៃបណ្តាញទំនាក់ទំនងព័ត៌មាន ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចលើកកម្ពស់សមត្ថភាពការប្រកួតប្រជែងក្នុងវិស័យទូរគមនាគមន៍។ លើសពីនេះទៀត ការប្រើប្រាស់ទូរស័ព្ទចល័ត និងអ៊ីនធើណិតនៅកម្ពុជាមានការកើនឡើងជាលំដាប់ ដោយចំនួននៃការចុះឈ្មោះប្រើប្រាស់អ៊ីនធើណិតមានប្រហែល ១៣,៦លាននាក់ ស្មើនឹង ៨៣% នៃប្រជាពលរដ្ឋសរុប។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា វេទិកានេះគឺជាឱកាសមួយសម្រាប់យើងទាំងអស់គ្នាក្នុងការរួមគ្នាបង្កើតបណ្តាញនាពេលអនាគត ដែលមានការតភ្ជាប់ និងស្វែងរកចក្ខុវិស័យថ្មីៗដែលទទួលបានពីការផ្លាស់ប្តូរឌីជីថល និងចែករំលែកការអនុវត្តល្អៗ វិធីសាស្ត្រក្នុងការដោះស្រាយបញ្ហាប្រឈមនានា ព្រមទាំងជួយឱ្យសម្រេចបានលទ្ធផលជោគជ័យ និងទាន់ពេលវេលា។
នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក និងគណៈប្រតិភូ ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម CHEN Zhaoxiong អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យា នៃសាធារណរដ្ឋចិន ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការលើការកសាងគោលនយោបាយ 5G និងកិច្ចបន្តសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់បណ្តាញ ការស្រាវជ្រាវលើវិស័យ ICT និងនវានុវត្តន៍ និងសន្តិសុខព័ត៌មាន ក៏ដូចជាការការពារទិន្នន័យផងដែរ។ ប្រទេសចិនគ្រោងនឹងដាក់អោយដំណើរការប្រព័ន្ធ 5G នៅក្នុងឆ្នាំ២០១៩នេះ ហើយនឹងបន្តពង្រីកវិសាលភាពអោយបានគ្រប់តំបន់ទូទាំងប្រទេស។
ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ ក៏បានអញ្ជើញទស្សនកិច្ចទីស្នាក់ការក្រុមហ៊ុន Hauwei និងក្រុមហ៊ុន ZTE ដើម្បីស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗរបស់ក្រុមហ៊ុនផងដែរ៕