ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលកុំព្យូទ័រ និងសម្ភារៈបច្ចេកទេសគាំទ្រការបង្រៀន ICT សម្រាប់ការអប់រំតាមប្រព័ន្ធឌីជីថលនៅកម្រិតមធ្យមសិក្សាទុតិយភូមិ និងការដាក់ឱ្យដំណើរការជាផ្លូវការស្ថានីយ៍អង់តែនទូរស័ព្ទចល័តថ្មី (BTS) នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃពុធ ១៤កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលកុំព្យូទ័រ និងសម្ភារៈបច្ចេកទេសគាំទ្រការបង្រៀនបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) សម្រាប់ការអប់រំតាមប្រព័ន្ធឌីជីថលនៅកម្រិតមធ្យមសិក្សាទុតិយភូមិ ស្ថិតនៅវិទ្យាល័យហ៊ុនសែនកំពង់លែង ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្រោមក្របខណ្ឌមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (មូលនិធិ ស.អ-CBRD Fund) និងការដាក់ឱ្យដំណើរការជាផ្លូវការស្ថានីយ៍អង់តែនទូរស័ព្ទចល័តថ្មី (BTS) ក្រោមក្របខណ្ឌរបស់មូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ (មូលនិធិ ក.ស.ទ-U.S.O Fund) ។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា តាមរយៈយន្តការនៃការកៀរគរកញ្ចប់មូលនិធិ CBRD Fund នេះ គម្រោងបំពាក់កុំព្យូទ័រនិងសម្ភារៈបច្ចេកទេសគាំទ្រការបង្រៀន ICT នៅកម្រិតមធ្យមសិក្សាទុតិយភូមិត្រូវបានផ្តួចផ្តើមឡើងដោយកិច្ចសហការរវាងក្រសួងអប់រំយុវជននិងកីឡា និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាមួយក្រុមហ៊ុនវៀតថែល (ខេមបូឌា) ក្នុងគោលបំណងចម្បងធានាបាននូវនិរន្តភាព និងប្រសិទ្ធភាពនៃការពង្រីកការបណ្តុះបណ្តាលបំណិនវិជ្ជាជីវៈ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន(ICT)នៅមធ្យមសិក្សាទុតិយភូមិ ដែលជួយសិស្សានុសិស្សឱ្យសម្របខ្លួនបានយ៉ាងល្អប្រសើរទៅនឹងទីផ្សារការងារនៃយុគសម័យសេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤.០។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការស្ថានីយអង់តែងទូរស័ព្ទចល័តថ្មី(BTS)មួយកន្លែង របស់ក្រុមហ៊ុនស្មាតអាស្យាតា ក្រោមក្របខណ្ឌមូលនិធិ U.S.O នៅក្នុងភូមិគុយ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណ ដល់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ដែលបានចូលរួមបំពេញកាតព្វកិច្ចរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងសមត្ថភាពធនធានមនុស្សក្នុងបរិបទឌីជីថលនីយកម្ម និងការពង្រីកវិសាលភាពប្រសិទ្ធភាពនៃការតភ្ជាប់សេវាទូរគមនាគមន៍ឱ្យបានដល់តំបន់ជនបទ និងតំបន់ដាច់ស្រយាល។
នារសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី និងប្រតិភូអមដំណើរ បានបន្តដំណើរចុះសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគមួយចំនួន និងថវិកាចំនួន ៤,០០០,០០០រៀល ឧបត្ថម្ភដល់គ្រួសារលោក មាច ម៉ុន និងលោកស្រី ធួន ធន់ នៅភូមិចោងម៉ោង ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលទទួលរងគ្រោះដោយសារភ្លើងឆេះផ្ទះ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ កន្លងមក៕