ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាស្តីពី “មន្ត្រីនគរបាលយុត្តិធម៌ លើវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន”
រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ០៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីភាពដ៌ខ្ពង់ខ្ពស់បើកសិក្ខាសាលាស្តីពី “មន្ត្រីនគរបាលយុត្តិធម៌ លើវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការ និយោជិក និងមន្ទីរប្រៃសណីយ៍ និងទូរគនាគមន៍ខេត្តទាំង២៤ ដែលមានសិក្ខាកាមសរុបចំនួន១១៤ រូប។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលបែបបទ និងនីតិវិធីអនុវត្តច្បាប់ដែលមានសារៈសំខាន់ និងចាំបាច់ជូនដល់មន្ត្រីអធិការកិច្ចទូរគមនាគមន៍ ដែលទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ ដើម្បីយកទៅអនុវត្តការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួនស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានាដោយអនុលោមតាមច្បាប់ស្តីពីទូរគមនាគមន៍។
ថ្លែងក្នុងពិធីបើកអង្គសិក្ខាសាលា នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានមានប្រសាសន៍ថា ការរីកចម្រើននៃបច្ចេកវិទ្យាដ៏លឿន បានធ្វើឱ្យបទល្មើសក្នុងវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន កាន់តែមានភាពស្មុគស្មាញ នៅខណៈដែលវិស័យនេះកំពុងមានការអភិវឌ្ឍ និងរីកចម្រើនខ្លាំងនៅប្រទេសកម្ពុជា។ ដើម្បីពង្រឹងយន្តស្រាវជ្រាវបង្ក្រាបបទល្មើសនេះអោយមានប្រសិទ្ធភាព ឯកឧត្តមរដ្ឋមន្ត្រី បានជម្រុញអោយមន្ត្រីអធិការកិច្ច ដែលបានក្លាយខ្លួនជានគរបាលយុត្តិធម៌ ត្រូវបង្កើនកិច្ចសហការអនុវត្តច្បាប់នៅក្នុងវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងត្រូវសិក្សាចំណេះដឹងបច្ចេកវិទ្យាថ្មីៗ ស្វែងរកសម្ភារៈបច្ចេកវិទ្យាថ្មីៗដែលអាចស្រាវជ្រាវបង្ក្រាបបទល្មើសបច្ចេកវិទ្យាបាន ដើម្បីត្រៀមឆ្លើយតបផលប៉ះពាល់ជាអវិជ្ជមាន នៃបដិវត្តន៍ឧស្សាហកម្ម៤.០ ជាពិសេសត្រៀមខ្លួនដើម្បីចូលរួមប្រយុទ្ធប្រឆាំងការវាយប្រហារផ្នែកបច្ចេកវិទ្យាព័ត៌មានពីពិភពលោកមកលើប្រទេសកម្ពុជា។
ថ្លែងក្នុងពិធីបិទអង្គសិក្ខាសាលា ឯកឧត្តមរដ្ឋលេខាធិការ ខាយ ឃុនហេង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា សិក្ខាកាមទាំងអស់នឹងយកចំណេះដឹង និងបទពិសោធន៍ថ្មីៗនេះ ទៅបានជាប្រយោជន៍ដល់ការបំពេញភារកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពជាងមុនថែមទៀត ក្នុងកិច្ចការត្រួតពិនិត្យ តាមដាន ការអនុវត្តច្បាប់ទូរគមនាគមន៍ និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធព្រមទាំងកិច្ចការស្រាវជ្រាវ ទប់ស្កាត់ និងបង្រាបបទល្មើសទូរគមនាគមន៍។ ហើយសិក្ខាកាមដែលបានចូលរួមក្នុងសិក្ខាសាលានេះ សូមយកចំណេះដឹងទៅផ្សព្វផ្សាយបន្តដល់មន្រ្តីនៅតាមអង្គភាពរៀងៗខ្លួន ដើម្បីឱ្យមន្រ្តីទាំងនោះមានមូលដ្ឋានក្នុងការអនុវត្តការងារឱ្យស្របតាមច្បាប់ និងបទប្បញ្ញាតិដែលពាក់ព័ន្ធជាធរមាន។ ឆ្លៀតឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានអញ្ជើញប្រគល់វិញ្ញាបនបត្រ ជូនដល់សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យផងដែរ៕