សិក្ខាសាលាស្តីពី “សន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៅលើក្លោដ (Cloud Security)”
រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ជុន វ៉ាត អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី “សន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៅលើក្លោដ (Cloud Security)” ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រោមការគាំទ្រដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានការចូលរួមពី ក្រសួង-ស្ថាប័ន រាជរដ្ឋាភិបាល, វិស័យឯកជន, គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងសហគ្រាសមីក្រូ-ធនតូច និងមធ្យម ដោយមានសិក្ខាកាមចូលរួមសរុបប្រមាណ ១៣៤នាក់។
នៅក្នុងឱកាសនោះ ឯកឧត្តម ជុន វ៉ាត បានលើកឡើងថា សុវត្ថិភាព និងសន្តិសុខនៅក្នុង Cloud មិនដូចគ្នានឹងសន្តិសុខនៅក្នុងមជ្ឈមណ្ឌលទិន្នន័យរបស់អ្នកនោះទេ។ វិធានការ និងការគិតខុសគ្នាត្រូវបានអនុវត្តនៅពេលដែលហេដ្ឋារចនាសម្ព័ន្ធដែលគ្មានការគ្រប់គ្រងពិតប្រាកដនៅលើក្លោដ(Cloud)។ នៅពេលប្រើប្រាស់សេវាកម្ម Cloud អង្គភាពនីមួយៗត្រូវវាយតម្លៃកត្តាសំខាន់ៗជាច្រើនរួមមានការ ធ្វើកូដនីយកម្មទិន្នន័យ សុវត្ថិភាពទិន្នន័យការត្រួតពិនិត្យ ការគ្រប់គ្រងទៅលើឯកជនភាព និងវិធានការផ្សេងទៀត។
ឯកឧត្តម បានបន្តទៀតថា សិក្ខាសាលានេះ គឺជាផ្នែកមួយនៃការពង្រឹងសមត្ថភាព និងធ្វើឱ្យប្រសើរឡើងនូវភាពរួចរាល់ផ្នែកសន្តិសុខ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដោយការផ្តល់ជាចំណេះដឹងបន្ថែមអំពីហានិភ័យ និងឱកាសក្នុងការចាប់យកនូវសេវាកម្ម Cloud ។ ក្នុងខណៈពេលដែលសេវាកម្មនៅលើ Cloud ផ្តល់នូវគុណសម្បត្តិជាច្រើន ប៉ុន្តែនៅពេលដែលទាក់ទងទៅនឹងសន្តិសុខ និងសុវត្ថិភាព វានៅតែជាសំណួរមួយដែលមិនអាចឆ្លើយបានមួយរយភាគរយនោះទេ។ សន្តិសុខ និងសុវត្ថិភាពនៅលើ Cloud គឺវាពាក់ព័ន្ធទៅនឹងអ្នកផ្តល់សេវា និងអ្នកទទួលសេវា ហើយភាគច្រើនគឺវាពាក់ព័ន្ធទៅនឹងការបែកធ្លាយទិន្នន័យ ការបញ្ចូលមេរោគ ការបាត់បង់ទិន្នន័យទាំងស្រុង ភាពងាយរងគ្រោះ ដែលមាននៅក្នុងប្រព័ន្ធ និងការគំរាមគំហែងពីខាងក្នុង។
មុននឹងបញ្ចប់ ឯកឧត្តម ជឿជាក់ថា សិក្ខាសាលាថ្ងៃនេះនឹងផ្តល់នូវចំណេះដឹងថ្មីៗ និងបទពិសោធន៍ដើម្បីបង្កើន សមត្ថភាពបច្ចេកទេសដល់អ្នកជំនាញផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅកម្ពុជា ដើម្បីជាការរួមចំណែកធ្វើឱ្យប្រសើរឡើងនូវភាពរួចរាល់ផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន៕