ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ E-Commerce របស់ក្រុមហ៊ុនប្រៃសណីយ៍កម្ពុជាអុីសូលូសិន ម.ក
រាជធានីភ្នំពេញ៖ រសៀលថ្ងៃសុក្រ ០១រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ E-Commerce របស់ក្រុមហ៊ុនប្រៃសណីយ៍កម្ពុជាអុីសូលូសិន ម.ក (Cambodia Post eSolutions PLC.) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង ប.ទ, ឯកឧត្តម អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកប្រៃសណីយ៍កម្ពុជា និងអស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានមានប្រសាសន៍ថា ប្រទេសកម្ពុជា ជាប្រទេសមួយមានសក្តានុពលខ្ពស់ប្រកបដោយចីរភាពក្នុងការក្តាប់នូវកាលានុវត្តភាពពីបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤.០ និងសេដ្ឋកិច្ចឌីជីថល ដោយឈរលើកត្តាចំនួន៤គឺ៖ (១).ដោយសារវត្តមានយុវជន ភាពអំណោយផលផ្នែកប្រជាសាស្ត្រដ៏ច្រើនដែលមានការអប់រំខ្ពស់ និងងាយទទួលយកនូវបច្ចេកវិទ្យាឌីជីថលរហ័ស, (២).ការកើនឡើងយ៉ាងឆាប់រហ័សនៃការប្រើប្រាស់ទូរស័ព្ទដៃ និងឧបករណ៍ឆ្លាតវៃ, (៣).ការរីកចម្រើនយ៉ាងឆាប់រហ័សនៃផ្នែកបច្ចេកវិទ្យាតាមរយៈលំហូរនៃការវិនិយោគផ្ទាល់ពីបរទេស និង(៤).ឥទ្ធិពលដ៏លឿននៃឌីជីថលភាវូបនីយកម្មដែលកំពុងកើតមាននៅក្នុងគ្រប់វិស័យសំខាន់ៗ នៃសេដ្ឋកិច្ចជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញដាក់ឱ្យដំណើរការជាផ្លូវការ Web Page “Tinh Tinh Shop” របស់ក្រុមហ៊ុនប្រៃសណីយ៍កម្ពុជាអុីសូលូសិន ម.ក ដែលជាគេហទំព័រសម្រាប់បញ្ជាទិញទំនិញតាមអនឡាញ និងបានសហប្រតិបត្តិការជាដៃគូជាមួយប្រៃសណីយ៍កម្ពុជា៕