ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធិផលនានាក្នុងវត្តពោធិរង្សី ស្ថិតនៅឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃអាទិត្យ ១០កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ចេតិយស្ថានបរមសុខ ស្រះទឹក និងសមិទ្ធផលនានាក្នុងវត្តពោធិរង្សី ស្ថិតនៅឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋ ចំនួន ៤៤៩នាក់។
សមិទ្ធផលដែលសម្ពោធនៅពេលនេះ គឺចេតិយស្ថានបរមសុខ ចំនួន១កន្លែង មានទំហំ(៦.៨៤m x ៦.៨៤m), ស្រះទឹក ០១កន្លែង, ផ្លូវក្រាលក្រួសក្រហម ០១ខ្សែ ប្រវែង ២៥០ម៉ែត្រ, សាលាឆទាន ០១ខ្នង ទំហំ(៥m X ២០m) និងខឿនដើមពោធិព្រឹក្ស ០១កន្លែង ដែលមានការចូលរួមឧបត្ថម្ភពីបណ្តាសប្បុរសជននានាផងដែរ។
ក្នងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ លើសពីនេះទៀត ក្រោមការដឹកនាំរបស់ សម្តេចតេជោ បានកសាងនូវសមិទ្ធិផលជាច្រើន ក្នុងការអភិវឌ្ឍប្រទេសជាតិ ធ្វើអោយមានការរីកចម្រើនលើគ្រប់វិស័យ រួមមានហេដ្ឋារចនាសម្ព័ន្ធ និងសេវាសង្គមផ្សេងៗទាំងខាងពុទ្ធចក្រ និងអាណាចក្រ ដែលពីមុនពុំធ្លាប់មាន ឥឡូវបានរីកស្គុះស្គាយនៅគ្រប់ទិសទី។ សកម្មភាព និងសមិទ្ធផលទាំងនេះ បានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីលើកស្ទួយកម្រិតជីវភាពប្រចាំថ្ងៃអោយកាន់តែមានភាពប្រសើរឡើង។
មុននឹងបញ្ចប់ ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក ក៏បានប្រគល់លិខិតថ្លែងអំណរគុណ ជូនសប្បុរសជនដែលបានចូលរួមកសាងសមិទ្ធផលនានាក្នុងវត្តពោធិរង្សី និងបានអញ្ជើញចែកអំណោយជូន លោកគ្រូ អ្នកគ្រូ កងកំលាំងសិស្សានុសិស្ស យាយជី តាជី ដែលបានចូលរួមផងដែរ៕