ឯកឧត្តមរដ្ឋលេខាធិការ ជា មានិត និងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អញ្ជើញដាក់បិណ្ឌទី១ នៅវត្តនទីគិរីវ័ន ស្ថិតក្នុងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
នាព្រឹកថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ជា មានិត រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង បានអញ្ជើញក្នុងពិធីរាប់បាត្រដាក់បិណ្ឌ ក្នុងថ្ងៃកាន់បិណ្ឌទី១ នៅវត្តនទីគិរីវ័ន ស្ថិតក្នុងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យដែលបានមកពីការចូលរួមពីថា្នក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងពីក្រុមគ្រួសារឯកឧត្តមផ្ទាល់ ប្រគេនដល់ព្រះគ្រូចៅអធិការវត្ត។
ឯកឧត្តមរដ្ឋលេខាធិការ បានឧទ្ទិសនូវកុសលផលបុណ្យដែលបានរួបរួមគ្នាកសាងនៅថ្ងៃនេះ ជូនចំពោះបុព្វការីជន វីរៈជន និងញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមបានទទួលនូវមគ្គផលកុសលផលបុណ្យនេះ និងបួងសួងសូមដល់ដួងវិញ្ញាណក្ខន្ធអស់លោកទាំងអស់បានឈោងឆាប់កំណើតទៅកាន់ទីឋានបរមសុខ ហើយបែរក្រោយអោយពរជ័យដល់យើងខ្ញុំទាំងអស់ទទួលបាននូវពរជ័យទាំង៥ប្រការកុំបីឃ្លៀងឃ្លាតឡើយ។
*សម្រាប់ឆ្នាំនេះ បុណ្យភ្ជុំបិណ្ឌចាប់ពីថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ (បិណ្ឌ១) ដល់ថ្ងៃអាទិត្យ ១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩៕