ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមនាយឧត្ដមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូ ថង នៅគេហដ្ឋានក្នុងខេត្តរតនគិរី
ខេត្តរតនគិរី៖ នាព្រឹកថ្ងៃពុធ ០៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ជា មានិត រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមនាយឧត្ដមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូ ថង សមាជិកព្រឹទ្ធសភា ដែលបានទទួលមរណភាពនៅយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ០១:២០នាទីអធ្រាត្រ ក្នុងជន្មាយុ ៨២ឆ្នាំ ដោយរោគាពាធ។
សពរបស់ឯកឧត្តមនាយឧត្ដមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូ ថង ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីសាសនា និងទំនៀមទំលាប់របស់ជនជាតិភាគតិច ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិននៅគេហដ្ឋាន ភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការ និយោជិក នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពរបស់ឯកឧត្តមនាយឧត្ដមសេនីយ៍ព្រឹទ្ធាចារ្យ សូមបានទៅកាន់សោយសុខក្នុងសុគតិភពជាកុំបីឃ្លៀងឃ្លាតឡើយ៕