ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញប្រកាសតែងតាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ០៧កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីភាពដ៌ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំង អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងអនុប្រធានការិយាល័យ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ យ៉ាងច្រើនកុះករផងដែរ។
មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានមានប្រសាសន៍ថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ថ្មី ដោយធ្វើការបំបែកអគ្គនាយកដ្ឋានប្រៃសណីយ៍ និងទូរគមនាគមន៍ ជាពីរ គឺអគ្គនាយកដ្ឋានប្រៃសណីយ៍ និងអគ្គនាយកដ្ឋានទូរគមនាគមន៍ និងបានបង្កើតនូវអគ្គនាយកដ្ឋានថ្មីមួយទៀត គឺអគ្គនាយកដ្ឋានគ្រប់គ្រងធនធានវិសាលគមន៍ហ្រ្វេកង់ស៍វិទ្យុ ដែលមានតួនាទី និងភារកិច្ចគ្រប់គ្រង រៀបចំគោលនយោបាយ នៃធនធានវិសាលគមន៍ហ្វេ្រកង់ស៍វិទ្យុ ស្របតាមការរីកចម្រើនលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានរបស់សកលលោក ជាពិសេសដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤.០ ដែលផ្តោតជាសំខាន់លើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើរ ដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលប្រកាសតែងតាំងថ្មី នាពេលនេះ សូមមានស្មារតីទទួលខុសត្រូវខ្ពស់លើភារកិច្ចការងារប្រចាំថ្ងៃ ដែលប្រគល់ឲ្យបានល្អ និងសូមធ្វើការដោយមានកិច្ចសហការជាមួយថ្នាក់ដឹកនាំតាមឋានានុក្រម ដើម្បីបង្កើននូវទំនាក់ទំនងល្អ ការសិក្សារៀនសូត្រ ដកស្រង់ បង្កើនបទពិសោធន៍ និងចំណេះដឹងវិជ្ជាជីវៈថ្មីៗបន្ថែមទៀត។ ម្យ៉ាងទៀត ក៏ត្រូវមានទំនាក់ទំនងល្អជាមួយមន្ត្រីថ្នាក់ក្រោម ដោយស្មារតីទទួលខុសត្រូវ និងត្រូវគោរពនូវអភិក្រមទាំង៥ គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវៈកាត់ និងត្រូវគោរពទៅតាមក្រឹត្យក្រមនៃច្បាប់ ដោយមានឥរិយាបថល្អក្នុងការបំពេញការងារប្រកបដោយ ឆន្ទៈម្ចាស់ការ ភក្តីភាព និងមនសិការវិជ្ជាជីវៈ៕