ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានអញ្ជើញជាអធិបតីក្នុងពីធី ការធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ពីភាពជោគជ័យរបស់ ធនាគារឯកទេស វីង (ខេមបូឌា) លីមីធីត នៅទីស្តីការក្រសួង

Ministry of Post and Telecommunications

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃច័ន្ទ ១១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពីធី ការធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ពីភាពជោគជ័យរបស់ ធនាគារឯកទេស វីង (ខេមបូឌា) លីមីធីត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹនាំ មន្ត្រីរាជការ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើនកុះករ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា បានចាត់ទុកការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ជាវិស័យអាទិភាពមួយយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍជាតិដូចដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រដំណាក់កាលទី៤។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថាថ្ងៃនេះ ធនាគារឯកទេស វីង ដែលមានការតាំងចិត្តខ្ពស់ ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការបញ្ចូល ឧបករណ៍មធ្យោបាយ បណ្តាញ និងសេវាផ្ទេរ និងទូទាត់សាច់ប្រាក់ សម្រួលដល់សកម្មភាពធ្វើជំនួញ ដោះដូរទំនិញ និងសេវាកម្មររវាងអតិថិជនសហគ្រាសនិងសហគ្រាស រវាងសហគ្រាសនិងបុគ្គល ព្រមទាំងរវាងបុគ្គលនិងបុគ្គល បានយ៉ាងងាយស្រួលរហ័សទាន់ចិត្ត និងគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា។ 

តាមរយៈការបង្ហាញជាវីដេអូ និងការធ្វើបទបង្ហាញនានារួចមក ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា បទពិសោធន៍ល្អៗរបស់ វីង អាចចូលរួមចំណែកជួយក្នុងវិស័យប្រៃសណីយ៍ ឬក៏ក្នុងវិស័យដ៏ទៃៗទៀតស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានទៅអនាគត ព្រមទាំងបានលើកទឹកចិត្តជាពិសេសដល់មន្ត្រីជំនាញក្នុងវិស័យប្រៃសណីយ៍ សិក្សាស្វែងយល់ឲ្យអស់លទ្ធភាពនូវលក្ខណៈពិសេសៗរបស់ វីង រួចហើយពិនិត្យរកឱកាសធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីអាចជួយអភិវឌ្ឍវិស័យប្រៃសណីយ៍ឲ្យកាន់តែរីកចម្រើនឆាប់រហ័សបាន៕

អត្ថបទជាប់ទាក់ទង