ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ប.ទ. ចូលរួមក្នុងកម្មវិធី សប្តាហ៍បណ្តាញគមនាគមន៍អន្តរជាតិលើកទី៤ និងសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី៤ ស្តីពីសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៅប្រទេសសិង្ហបុរី
ប្រទេសសិង្ហបុរី៖ នាថ្ងៃពុធ ០៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមក្នុងកម្មវិធី សប្តាហ៍បណ្តាញគមនាគមន៍អន្តរជាតិលើកទី៤ “The 4th Singapore International Cyber Week 2019, SICW” និងសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី៤ ស្តីពីសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ នៅប្រទេសសិង្ហបុរី។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ បានចូលរួមក្នុងកម្មវិធី សប្តាហ៍បណ្តាញគមនាគមន៍អន្តរជាតិលើកទី៤ ដែលកម្មវិធីនេះ គឺជាវេទិកាមួយសម្រាប់ការពិភាក្សាទៅលើបណ្តាញគមនាគមន៍ យុទ្ធសាស្ត្រ និងភាពជាដៃគូ នៅក្នុងលំហនៃសន្តិសុខព័ត៌មានវិទ្យា ដោយប្រមូលផ្តុំនូវអ្នកតាក់តែងគោលនយោបាយ អ្នកដឹកនាំ អ្នកជំនាញលើវិស័យឯកជន អ្នកសិក្សាស្រាវជ្រាវ ក្នុងការពិភាក្សាលើបញ្ហាប្រឈមចម្បងៗនានា ក៏ដូចជាស្វែងរកនូវដំណោះស្រាយសមស្រប ទាក់ទងនឹងសន្តិសុខព័ត៌មាន តាមរយៈការនាំមកជាមួយគ្នានូវច្បាប់អន្តរជាតិ និយាមផ្សេងៗ និងលំហបណ្តាញសន្តិសុខព័ត៌មានវិទ្យា ដែលមានភាពជឿទុកចិត្តបាន ក្រោមប្រធានបទ “ភាពជាដៃគូសម្រាប់ជំនឿចិត្ត និងភាពជឿជាក់ (Partnerships for Trust and Confidence)”។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានទៅទស្សនាការតាំងពិព័រណ៍ GovWare ដែលជាកន្លែងដែលបានណែនាំនូវនវានុវត្តន៍ថ្មីបំផុតនៃបច្ចេកវិទ្យាសន្តិសុខតាមអុីនធើណេតផងដែរ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញចូលរួមក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី៤ ស្តីពីសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ សន្និសីទថ្នាក់រដ្ឋមន្ត្រីនេះ ផ្តល់នូវវេទិកាសម្រាប់ពិភាក្សាអំពីបញ្ហាសន្តិសុខតាមប្រព័ន្ធអុីនធើណេត និងជួយសម្រួលដល់កិច្ចសហប្រតិបត្តិការតាមប្រព័ន្ធអុីនធើណេតកាន់តែប្រសើរឡើងក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ានដើម្បីបំពេញនូវកិច្ចខិតខំប្រឹងប្រែងនានាក្នុងការជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខតាម អុីនធើណេត នៅក្នុងតំបន់ផងដែរ៕