ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា និងជួបសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១
ខេត្តឧត្ដរមានជ័យ៖ នារសៀលថ្ងៃអង្គារ ០៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធសមិទ្ធផលនានា និងជួបសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១ ក្នុងសកម្មភាពបន្តរឹតចំណងសម្ព័ន្ធមេត្រីភាពរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគន៍ និងក្រុមហ៊ុនសុភកិ្តនីកាអ៊ីនវេសមេនគ្រុបខូអិលធីឌី(ចំការកៅស៊ូជុប) ជាមួយកងពលតូចថ្មើរជើងលេខ៤១ ស្ថិតនៅទីបញ្ជាការដ្ឋានវរសេនាតូចថ្មើរជើងលេខ៤១២ មានទីតាំងនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។ ពិធីនេះមានវត្តមានចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ថ្នាក់ដឹកនាំ មន្ត្រីរាជការមកពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អង្គភាពក្រោមឱវាទ ភ្ញៀវកិត្តិយសជាតំណាងប្រតិបត្តិករផ្តល់សេវាប្រៃសណីយ៍ ទូរគមនាគមន៍ និងពីសំណាក់ឯកឧត្តមឧត្តមសេនីយ៍ទោ នាយទាហាន នាយទាហានរង និងពលទាហានយ៉ាងច្រើនកុះករផងដែរ។
សមិទ្ធផលដែលបានដាក់សម្ពោធនាពេលនោះរួមមាន វេទិកា១ខ្នង ផ្ទះហូបបាយ១ខ្នង និងសាលប្រជុំ១ខ្នង ផងដែរ។ ក្រៅពីនេះ ឯកឧត្ដមរដ្ឋមន្ត្រី និងប្រតិភូអមដំណើរ ក៏បាននាំយកគ្រឿងឧបភោគ/បរិភោគ និងសម្ភារៈប្រើប្រាស់ ព្រមទាំងថវិកាមួយចំនួនដែលបានមកពីការចូលរួមឧបត្ថម្ភពីសំណាក់អង្គភាពក្រោមឱវាទក្រសួងនិងក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ សម្រាប់ប្រគល់ជូននាយទាហាន នាយទាហានរង ពលទាហាន និងអង្គភាពកងពលតូចថ្មើរជើងលេខ៤១ ផងដែរ៕