ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាស្តីពី “ការពិភាក្សាលើវឌ្ឍនភាព នៃការអនុវត្តការផ្តល់លិខិតអនុញ្ញាត លើវិស័យ ICT នៅតាមមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍”
រាជធានីភ្នំពេញ៖ រសៀលថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម អេ សុភា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី “ការពិភាក្សាលើវឌ្ឍនភាព នៃការអនុវត្តការផ្តល់លិខិតអនុញ្ញាត លើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) នៅតាមមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍” ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី ជាមន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងមន្ត្រីរាជការមន្ទីរ ប.ទ.ខេត្តទាំង២៤ សរុបប្រមាណ ១៥០នាក់។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្តោតសំខាន់ទៅលើ៖(១).ការផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ក្នុងការអនុវត្តការងារជាក់ស្តែងទាក់ទង និងការផ្តល់លិខិតអនុញ្ញាត, (២).ពង្រឹងការគ្រប់គ្រងទៅលើប្រភេទអាជីវកម្មពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និង(៣).បង្កើនការយល់ដឹងបន្ថែមដល់មន្ទីរទាក់ទងទៅលើបញ្ហា ដែលបានជួបប្រទះមួយចំនួនក្នុងពេលអនុវត្តការងារនាពេលកន្លងមក៕