ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក និងលោកជំទាវ អញ្ជើញចូលរួមក្នុងពិធីសូត្រមន្តបុណ្យកឋិន នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
រាជធានីភ្នំពេញ៖ រសៀលថ្ងៃសុក្រ ០៥រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក និង លោកជំទាវ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ-និយោជិក នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមូលមតិគ្នារៀបចំពិធីក្រុងពាលី ប្រារព្ធធ្វើបទនមស្សការព្រះរតនត្រៃយ៍ និងនិមន្តព្រះសង្ឃចំរើនព្រះបរិត្ត សូត្រមន្តបុណ្យកឋិនទាន ដើម្បីប្រមូលបច្ច័យដង្ហែរទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមាវត្តចំនួនពីរ គឺវត្តគង្គារាម ស្ថិតនៅភូមិចាស់ ឃុំតាំងក្រសាំង ស្រុកទឹកផុស និង វត្តទេពីគិរីធម្មបាល(ហៅវត្តភ្នំទេពី) ស្ថិតនៅភូមិកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង៕