ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់អគារមជ្ឈមណ្ឌលបច្ចេកវិទ្យា (Tech Center) នៅវិទ្យាស្ថានជាតិ NIPTICT
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃច័ន្ទ ០៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (NIPTICT) ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (មូលនិធិ ស.អ.-CBRD Fund) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់អគារមជ្ឈមណ្ឌលបច្ចេកវិទ្យា (Tech Center) របស់វិទ្យាស្ថានជាតិ NIPTICT នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ នៃក្រសួង ប.ទ. តំណាងក្រុមហ៊ុនមិត្តហ្វូន សាស្ត្រាចារ្យ និស្សិត NIPTICT និងស្ថាប័នដែលជាដៃគូនានាផងដែរ។
អគារមជ្ឈមណ្ឌលបច្ចេកវិទ្យាដែលនឹងសាងសង់ មានកម្ពស់ ៤ជាន់ និងទំហំអគារសរុប ៣៨០០ម៉ែត្រក្រឡា នឹងក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ បច្ចេកវិទ្យាឌីជីថល ដំបូងគេនៅកម្ពុជា ដែលកើតឡើងពីកិច្ចសហការរួមគ្នារវាង វិទ្យាស្ថានជាតិ NIPITCT និង ក្រុមហ៊ុនមិត្តហ្វូន។ អគារនេះនឹងត្រូវប្រើប្រាស់សម្រាប់ជំរុញការស្រាវជ្រាវ និងការបំលែងសមិទ្ធផល ដែលកើតចេញពីការស្រាវជ្រាវ និងអភិវឌ្ឍន៍ ផ្នែកបញ្ញាសិប្បនិម្មិត(AI), វិទ្យាសាស្រ្តទិន្នន័យ (Data Science), អុីនធឺណិតនៃវត្ថុ(IoT), បច្ចេកវិទ្យាពពក (Cloud Computing) សុវត្ថិភាពអុីនធឺណិត ទៅជាបច្ចេកវិទ្យាឌីជីថលដែលអាចធ្វើអាជីវកម្មបានដូចជាបច្ចេកវិទ្យាបម្រើអោយរដ្ឋាភិបាលឌីជីថល(GovTech), បច្ចេកវិទ្យាសម្រាប់អប់រំ(EduTech), បច្ចេកវិទ្យាសម្រាប់កសិកម្ម(AgriTech), បច្ចេកវិទ្យាសម្រាប់ហិរញ្ញវត្ថុ(FinTech), បច្ចេកវិទ្យាសម្រាប់សុខាភិបាល (HealthTech)។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានមានប្រសាសន៍ថា មជ្ឈមណ្ឌលបច្ចេកវិទ្យា (Tech Center) សាងសង់ឡើងដោយប្រើប្រាស់មូលនិធិ ស.អ. ដែលជាមូលនិធិមួយកើតចេញអំពីការបង់ប្រាក់ចំណូលដុល ១% របស់ប្រតិបត្តិករទូរគមនាគមន៍ ដើម្បីចូលរួមអភិវឌ្ឍន៍ដល់ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកទូរគមនាគមន៍ និង ICT ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យ ICT របស់កម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា មូលហេតុពីរយ៉ាងដែលក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ.បានសម្រេចអោយវិទ្យាស្ថានជាតិ NIPTICT អនុវត្តគម្រោង Tech Center នេះគឺ៖
ទី១៖ មជ្ឈមណ្ឌលនេះនឹងក្លាយជាទីកន្លែងមួយសម្រាប់ជំរុញការស្រាវជ្រាវ នឹងអភិវឌ្ឍន៍ បច្ចេវិទ្យាឌីជីថលដើម្បីជួយដល់វិស័យផ្សេងៗដូចជា អប់រំ សុខាភិបាល កសិកម្ម និងឧស្សាហកម្ម ដែលស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលបានដាក់ចេញ ដោយរាជរដ្ឋាភិបាលនាពេលកន្លងមក ដើម្បីជំរុញសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា និងត្រៀមខ្លួនដើម្បីចាប់យកកាលានុវត្តភាពនៃឧស្សាហកម្ម ៤.០។
ទី២៖ ដោយសង្កេតឃើញថា នៅកម្ពុជាមិនទាន់មានទីកន្លែងដែលផ្តោតលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ដើម្បីបង្កើតជាប្រព័ន្ធឌីជីថលដែលអាចផ្តល់ជាសេវាកម្មស្របតាមតម្រូវការ ក្នុងស្រុកនៅឡើយ។ រីឯវិស័យឯកជនភាគច្រើន នាំចូលនូវបច្ចេកវិទ្យា ពីក្រៅប្រទេសទាំងដុលដោយមិនបានសហការជាមួយស្ថាប័នស្រាវជ្រាវក្នុងស្រុកដើម្បី កែសម្រួលធ្វើអោយបច្ចេកវិទ្យានាំចូលទាំងនោះឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អតិថិជនក្នុងស្រុក។ ដូចនេះការសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យានេះ ពិតជាមានសារះសំខាន់ណាស់ដើម្បីផ្តល់ជាទីកន្លែងក្នុងការធ្វើអោយកិច្ចសហប្រត្តិបត្តការនេះជាគំរូសហប្រត្តិបត្តការគ្រប់ជ្រុងជ្រោយរវាងស្ថាប័នស្រាវជ្រាវសាធារណៈ និងវិស័យឯកជន ដើម្បីរួមគ្នាដោះស្រាយនូវបញ្ហាដូចបានជម្រាបជូនខាងលើ។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមប្រកបដោយភាពសុទិដ្ឋិនិយមថា ក្នុងពេលដ៏ខ្លីខាងមុខ យើងនឹងមានមជ្ឈមណ្ឌលបច្ចេកវិទ្យាមួយដែលកើតចេញពីកិច្ចសហប្រត្តិបត្តការគ្រប់ជ្រុងជ្រោយរវាងស្ថាប័នស្រាវជ្រាវសាធារណៈ និងវិស័យឯកជនដំបូងគេនៅកម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ បច្ចេវិទ្យាឌីជីថល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងតម្រូវការអ្នកប្រើប្រាស់ផងដែរ៕