​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អញ្ជើញ​និវត្ត​មកដល់​កម្ពុជា​វិញ​ ​ក្រោយ​បញ្ចប់​ការចូលរួម​ ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា​អា​ស៊ាន​លើក​ទី​១​៩​ ​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិត​ឡាវ​

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​នា​ថ្ងៃសៅរ៍​ ​១​៣​រោច​ ​ខែ​អស្សុជ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៦​ ​ខែ​តុលា​ ​ឆ្នាំ​ ​២​០​១​៩​ ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​និវត្ត​មកដល់​កម្ពុជា​វិញ​ ​ក្រោយ​បញ្ចប់​ការចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា​អា​ស៊ាន​លើក​ទី​១​៩​ (​T​E​L​M​IN​) ​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ ​ដែល​បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​២​៤​ ​ដល់​ថ្ងៃ​ទី​២​៥​ ​ខែ​តុលា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីក្រុង​វៀង​ច័ន្ទន៍ ​សាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិត​ឡាវ​។​

​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា​អា​ស៊ាន​ (​T​E​L​M​IN​) ​គឺជា​ព្រឹត្តិការណ៍​មួយ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ប្រចាំ​ឆ្នាំ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័យ​ព័ត៌មាន​វិទ្យា​ ​និង​បច្ចេកវិទ្យា​រវាងប្រទេស​អា​ស៊ាន​ទាំង​១​០​ ​និង​ដៃ​គូសន្ទនា​ ​ក៏ដូចជា​សហភាព​ទូរគមនាគមន៍​អន្តរជាតិ​ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ ​ក្រោម​ប្រធាន​បទ​ស្តីពី​ ”​ការ​តភ្ជាប់​ដ៏​ឆ្លាតវៃ​ ​សម្រាប់​ការផ្លាស់ប្តូរ​ឌី​ជី​ថល​អា​ស៊ាន​ (​Smart​ ​Connect​i​v​it​y​ ​for​ ​A​SEA​N ​Digital​ ​Transformation​)”​។​

បន្ទាប់ពី​កិច្ចប្រជុំ​បាន​ប​ញ្ជប់ ​អង្គប្រជុំ​បាន​សម្រេច​នូវ​លទ្ធផល​មួយ​ចំនួន​ដូច​ខាងក្រោម​៖​

(​១​).​ការផ្លាស់ប្តូរ​ឈ្មោះ​កិច្ចប្រជុំ​ដើម្បី​រំលេច​នូវ​តួនាទី​របស់​វិ​ស័​យ​ ​I​C​T​ ​ក្នុង​ការ​ជ​ម្រុ​ញ​ការផ្លាស់ប្តូរ​ឌី​ជី​ថល​ក្នុង​វិ​ស័យ​ដទៃទៀត​ ​កិច្ចប្រជុំ​បាន​សម្រេច​នូវ​ការផ្លាស់ប្តូរ​ឈ្មោះ​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍​និង​ព័ត៌មាន​វិទ្យា​អា​ស៊ាន​ ​និង​កិច្ចប្រជុំ​ថ្នាក់​ឧត្តមមន្ត្រី​ទូរគមនាគមន៍​អា​ស៊ាន​ ​ដូចជា​៖​ ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍​និង​ព័ត៌មាន​វិទ្យា​អា​ស៊ាន​ (​T​E​L​M​IN​) ​ទៅជា​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ឌី​ជី​ថល​អា​ស៊ាន​ (​A​SEA​N ​Digital​ ​Minister​s’ ​Meeting​, ​A​D​G​M​IN​)​។​ ​ហើយ​កិច្ចប្រជុំ​ថ្នាក់​ឧត្តមមន្ត្រី​ទូរគមនាគមន៍​អា​ស៊ាន​ (​T​E​L​SO​M​) ​ទៅជា​កិច្ចប្រជុំ​ឧត្តមមន្ត្រី​ឌី​ជី​ថល​អា​ស៊ាន​ (​A​SEA​N ​Digital​ ​Senior Official​s’ ​Meeting​, ​A​D​G​SO​M​)​។​

(​២​). ​បាន​អនុម័ត​នូវ​សេចក្តីណែនាំ​អា​ស៊ាន​ ​សម្រាប់​ពង្រឹង​ភាព​ធន់​ ​និង​ការ​ជួសជុល​ខ្សែ​កា​ប្លិ៍​អុបទិក​ក្រោម​បាត​សមុទ្រ​ ​ដែល​មាន​គោលបំណង​ក្នុង​ការ​ផ្តល់​ការណែនាំ​ ​ទៅ​ភាគី​ពាក់ព័ន្ធ​ ​និង​សម្របសម្រួល​ដំណើរការ​សម្រាប់​ការ​ស្នើសុំ​លិខិតអនុញ្ញាត​ ​ពី​ប្រទេស​ជា​សមាជិក​អា​ស៊ាន​ ​ក្នុង​ការ​ពន្លឿន​ការ​ជួសជុល​ខ្សែ​កា​ប្លិ៍​អុបទិក​ក្រោម​បាត​សមុទ្រ​ដោយ​កាត់បន្ថយ​ជា​អតិបរមា​នូវ​លក្ខខណ្ឌ​តម្រូវ​នានា​ ​និង​ការ​ចំណាយ​ ​ក៏ដូចជា​ផ្តល់​ប្រយោជន៍​ដល់​ការ​ធ្វើ​ធុរកិច្ច​ ​និង​អ្នកប្រើប្រាស់​នៅ​ក្នុង​តំបន់​។​

(​៣​). ​អង្គប្រជុំ​បាន​ទទួលស្គាល់​នូវ​ការ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​តភ្ជាប់​គ​ន្លា​ត​ឌី​ជី​ថល​នៅ​ក្នុង​អា​ស៊ាន​ ​និង​អនុម័ត​ក្របខណ្ឌ​អា​ស៊ាន​ ​សម្រាប់​កាតព្វកិច្ច​សេវា​សកល​សម្រាប់​ជំនាន់​ក្រោយ​ (​US​O 2.0) ដែ​កំណត់​នូវ​អភិក្រម​សម្រាប់​អ្នកធ្វើ​គោល​នយោបាយ​ ​ក្នុង​ការ​ផ្សារភ្ជាប់​គោល​នយោបាយ​កាតព្វកិច្ច​សេវា​សកល​ (​US​O) ​នឹង​កម្មវិធី​ផ្សេងៗ​ ​ដែល​ធ្វើការ​ផ្តោត​ទៅលើ​ការ​តភ្ជាប់​នៃ​ផ្នែក​ផ្គត់ផ្គង់​ ​និង​ដំណោះស្រាយ​ផ្នែក​តម្រូវ​ការ​។​

(​៤​). ​អង្គប្រជុំ​បាន​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​ជំរុញ​លើ​ការ​សហការ​ថ្នាក់​តំបន់​លើ​វិ​ស័យ​សន្តិសុខ​ព័ត៌មាន​វិទ្យា​ ​និង​ពង្រឹង​កិច្ច​សម្របសម្រួល​ក្នុងចំណោម​ប្រទេស​សមាជិក​អា​ស៊ាន​ ​លើ​ការ​កសាង​គោល​នយោបាយ​ ​និង​ការ​កសាង​សមត្ថភាព​លើ​វិ​ស័យ​សន្តិសុខ​ព័ត៌មាន​វិទ្យា។​ ​ក្នុង​ន័យ​នេះ​រដ្ឋមន្ត្រី​នៃ​បណ្តា​ប្រទេស​សមាជិក​អា​ស៊ាន​បាន​ស្វាគមន៍​លើ​គំនិត​ក្នុង​ការ​បង្កើត​នូវ​ការិយាល័យ​ឆ្លើយតប​បញ្ហា​បន្ទាន់​នៃ​កំព្យូ​ទ័រ​ (C​E​R​T​) ​របស់​អា​ស៊ាន​ក្នុង​ការ​ពង្រឹង​ដល់​សមត្ថភាព​ ​និង​ការ​សម្របសម្រួល​ ​និង​ការបែងចែក​ព័ត៌មាន​នៃ​ការ​គំរាមកំហែង​ ​ភ្លាម​ៗ​ក្នុង​ពេល​តែមួយ​ ​ក្នុងចំណោម​ការិយាល័យ​ C​E​R​T​ ​ក្នុង​អា​ស៊ាន​ ​និង​ជាមួយ​ដៃ​គូសន្ទនា​របស់​អា​ស៊ាន​ ​នឹង​រង់ចាំ​ការរៀបចំ​ឯកសារ​នៃ​ផែនការ​អនុវត្ត​សម្រាប់​ការ​បង្កើត​ការិយាល័យ​ឆ្លើយតប​បញ្ហា​បន្ទាន់​នៃ​កំព្យូ​ទ័​រអា​ស៊ាន​ (​A​SEA​N C​E​R​T​)​។​

(​៥​). ​អង្គប្រជុំ​បាន​អនុម័ត​ពង្រាង​នៃ​ការ​បង្កើត​យន្ត​ការ​សម្របសម្រួល​អា​ស៊ាន​លើ​វិ​ស័យ​សន្តិសុខ​ព័ត៌មាន​ ​និង​បញ្ជូន​ពង្រាង​នេះ​ទៅ​ភាគី​ក្នុង​វិ​ស​័​យ​ពាក់ព័ន្ធ​ដើម្បី​ផ្តល់​ធាតុ​ចូល​។​

(​៦​). ​អង្គប្រជុំ​បាន​ស្វាគមន៍​វឌ្ឍនភាព​នៃ​ការ​បង្កើត​ ​សេចក្តីណែនាំ​អា​ស៊ាន​ ​ស្តីពី​ការ​ការពារ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ព័ត៌មាន​សំខាន់​ៗ​ ​ការ​បង្កើត​ប្រព័ន្ធ​ផ្តល់​សេវា​ឌី​ជី​ថល​ ​និង​កម្មវិធី​រដ្ឋាភិបាល​ឌី​ជី​ថល​ ​ប្រកបដោយ​និរន្តរភាព​ ​និង​សេចក្តីណែនាំ​អា​ស៊ាន​ក្នុង​ការ​បង្កើត​មាតិកា​ក្នុង​បណ្តា​ប្រទេស​អា​ស៊ាន​។​

(​៧​).​អង្គប្រជុំ​បាន​ពិភាក្សា​លើ​ផែនការ​សកម្មភាព​ ​និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃ​គូសន្ទនា​លើ​កិច្ច​សហប្រតិបត្តិការ​នា​ឆ្នាំក្រោយ​ ​ដែល​ផ្តោត​លើ​ចំ​នុ​ច​សំខាន់​ៗ​ដូចជា​ការ​កសាង​សមត្ថភាព​ ​ការ​តភ្ជាប់​ឌី​ជី​ថល​ ​ដែលសន្តិសុខ​ព័ត៌មានវិទ្យា​ ​ការ​ឆ្លើយតប​បន្ទាន់​ ​ការ​ចែករំលែក​ព័ត៌មាន​រវាង​គ្នា​ ​ន​វា​នុ​វត្ត​ន៍ ​និង​កិច្ចការ​ងារ​ដទៃទៀត​ដែល​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​នៃ​សេដ្ឋកិច្ច​ឌី​ជី​ថល​។​

​និង​(​៨​). ​អង្គប្រជុំ​ក៏បាន​អនុម័ត​សេចក្តីថ្លែង​ការណ៍​រួម​ទីក្រុង​វៀង​ច័ន្ទន៍​ស្តីពី​ការ​តភ្ជាប់​ឆ្លាតវៃ​សម្រាប់​ការផ្លាស់ប្តូរ​ឌី​ជី​ថល​អា​ស៊ាន​ ​ដើម្បី​ពង្រឹង​នូវ​ការ​តភ្ជាប់​ ​និង​លទ្ធភាព​ទទួល​បាន​ឌី​ជី​ថល​ ​ជំរុញ​ការ​រីក​ដុះដាល​សង្គម​និង​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​ផង​ដែរ​៕

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍