ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានអញ្ជើញនិវត្តមកដល់កម្ពុជាវិញ ក្រោយបញ្ចប់ការចូលរួមក្នុងកម្មវិធី សប្តាហ៍បណ្តាញគមនាគមន៍អន្តរជាតិលើកទី៤ និងសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី៤ ស្តីពីសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៅប្រទេសសិង្ហបុរី
រាជធានីភ្នំពេញ៖ នាថ្ងៃសុក្រ ០៦កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញនិវត្តវិលត្រលប់មកដល់ព្រះរាជាណចក្រកម្ពុជាវិញ បន្ទាប់ពីបានដឹកនាំប្រតិភូកម្ពុជាចូលរួមក្នុងកម្មវិធី សប្តាហ៍បណ្តាញគមនាគមន៍អន្តរជាតិលើកទី៤ “The 4th Singapore International Cyber Week 2019, SICW” និងសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី៤ ស្តីពីសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ នៅប្រទេសសិង្ហបុរី។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ បានអញ្ជើញចូលរួមក្នុងកម្មវិធី សប្តាហ៍បណ្តាញគមនាគមន៍អន្តរជាតិលើកទី៤ ដែលកម្មវិធីនេះ គឺជាវេទិកាមួយសម្រាប់ការពិភាក្សាទៅលើបណ្តាញគមនាគមន៍ យុទ្ធសាស្ត្រ និងភាពជាដៃគូ នៅក្នុងលំហនៃសន្តិសុខព័ត៌មានវិទ្យា ដោយប្រមូលផ្តុំនូវអ្នកតាក់តែងគោលនយោបាយ អ្នកដឹកនាំ អ្នកជំនាញលើវិស័យឯកជន អ្នកសិក្សាស្រាវជ្រាវ ក្នុងការពិភាក្សាលើបញ្ហាប្រឈមចម្បងៗនានា ក៏ដូចជាស្វែងរកនូវដំណោះស្រាយសមស្រប ទាក់ទងនឹងសន្តិសុខព័ត៌មាន តាមរយៈការនាំមកជាមួយគ្នានូវច្បាប់អន្តរជាតិ និយាមផ្សេងៗ និងលំហបណ្តាញសន្តិសុខព័ត៌មានវិទ្យា ដែលមានភាពជឿទុកចិត្តបាន ក្រោមប្រធានបទ “ភាពជាដៃគូសម្រាប់ជំនឿចិត្ត និងភាពជឿជាក់ (Partnerships for Trust and Confidence)”។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានទៅទស្សនាការតាំងពិព័រណ៍ GovWare ដែលជាកន្លែងដែលបានណែនាំនូវនវានុវត្តន៍ថ្មីបំផុតនៃបច្ចេកវិទ្យាសន្តិសុខតាមអុីនធឺណិតផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញចូលរួមក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី៤ ស្តីពីសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ សន្និសីទថ្នាក់រដ្ឋមន្ត្រីនេះ ផ្តល់នូវវេទិកាសម្រាប់ពិភាក្សាអំពីបញ្ហាសន្តិសុខតាមប្រព័ន្ធអុីនធឺណិត និងជួយសម្រួលដល់កិច្ចសហប្រតិបត្តិការតាមប្រព័ន្ធអុីនធឺណិតកាន់តែប្រសើរឡើងក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ានដើម្បីបំពេញនូវកិច្ចខិតខំប្រឹងប្រែងនានាក្នុងការជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខតាម អុីនធឺណិត នៅក្នុងតំបន់ផងដែរ។ ជាលទ្ធផលនៃវេទិកានេះ អង្គប្រជុំបានសម្រេចនូវសេចក្តីថ្លែងការណ៍មួយក្នុងការសម្របសម្រួលយន្តការអន្តរវិស័យពាក់ព័ន្ធនឹងសន្តិសុខព័ត៌មានវិទ្យាថ្នាក់តំបន់។ ជាមួយគ្នានេះ រដ្ឋមន្ត្រីនៃបណ្តាប្រទេសអាស៊ានក៏បានសម្ពោធដាក់ដំណើរការនូវមជ្ឈមណ្ឌលឧត្តមានុវត្តន៍អាស៊ាន-សិង្ហបុរី ដែលដើរតួសម្រាប់ការបណ្តុះបណ្តាលធនធានមនុស្ស ការសិក្សាគោលនយោបាយ និងយុទ្ធសាស្ត្រ ទាក់ទងនឹងវិស័យសន្តិសុខព័ត៌មាននៅក្នុងតំបន់។
នៅក្នុងបេសកកម្មនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តម Iswaran រដ្ឋមន្ត្រីក្រសួងគមនាគមន៍ និងព័ត៌មានសិង្ហបុរី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការគ្នាលើវិស័យសន្តិសុខព័ត៌មានវិទ្យា ពិសេសការបន្តជួយបណ្តុះបណ្តាលដល់មន្ត្រីរាជការកម្ពុជាលើការកសាងគោលនយោបាយ និងបទដ្ឋានគតិយុត្តនានា ដើម្បីទ្រទ្រង់ដល់ការត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល៕