ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយរបាយការណ៍និរន្តរភាពប្រចាំឆ្នាំ២០១៨ របស់ក្រុមហ៊ុន Smart Axiata នៅសណ្ឋាគារ Rosewood Phnom Penh
រាជធានីភ្នំពេញ៖ រសៀលថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគារ Rosewood Phnom Penh ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួមជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយរបាយការណ៍និរន្តរភាពប្រចាំឆ្នាំ២០១៨ និងសមិទ្ធផលសង្គមក្នុងប្រតិបត្តិការ ១០ឆ្នាំកន្លងមក របស់ក្រុមហ៊ុន Smart Axiata។
ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានមានប្រសាសន៍ថាព្រឹត្តិការណ៍ថ្ងៃនេះ គឺជាវេទិកាដ៏ល្អមួយដែលមិនត្រឹមតែស្វែងយល់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Smart Axiata នៅក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ប៉ុណ្ណោះទេប៉ុន្តែក៏ជាឱកាសសម្រាប់រាជរដ្ឋាភិបាល និងយើងទាំងគ្នាដើម្បីកសាងវិស័យនេះប្រកបដោយនិរន្តរភាពប្រសើរជាងមុន និងដើម្បីអនុវត្តន៍វិស័យនេះ អោយស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ឆ្នាំ២០៣០។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថាដើម្បីអោយ SDGs បានជោគជ័យទាមទារឱ្យមានការផ្លាស់ប្តូរយ៉ាងធំចំពោះរបៀបដែលយើងធ្វើការជាមួយគ្នា ដែលត្រូវមានគំនិតច្នៃប្រឌិតខ្ពស់ ការអនុវត្តល្អបំផុត និងចែករំលែកចំណេះដឹងនិងសមត្ថភាព ដើម្បីធានាថាការអនុវត្តបានល្អប្រកបដោយប្រសិទ្ធភាពផងដែរ៕