ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុន China Unicom (Cambodia) Operation លើវិស័យឌីជីថល និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា
រាជធានីភ្នំពេញ៖ នាថ្ងៃសៅរ៍ ៤កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី ក្នុងពិធីសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុន China Unicom (Cambodia) Operation Co.,Ltd. លើវិស័យឌីជីថល និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ប.ទ បណ្តាប្រតិបត្តិករវិស័យទូរគមនាគមន៍ និងអស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាតែងតែស្វាគមន៍ក្រុមហ៊ុននានា ដែលអាចនាំមកនូវបច្ចេកវិទ្យាថ្មី ធនធានថ្មី ការងារថ្មី និងឱកាសអភិវឌ្ឍន៍ថ្មីៗជាច្រើនទៀតសម្រាប់ប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា ក្រុមហ៊ុន China Unicom បានធ្វើការសម្រេចចិត្តត្រឹមត្រូវក្នុងការវិនិយោគនៅកម្ពុជា ស្របពេលដែលប្រទេសកម្ពុជាកំពុងអនុវត្តន៍គោលនយោបាយ និងក្តាប់នូវកាលានុវត្តភាពពីបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤.០ និងសេដ្ឋកិច្ចឌីជីថល ដែលបានចែងនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមនិងជឿជាក់ថា ក្រុមហ៊ុន China Unicom (Cambodia) Operation Co.,Ltd. អាចនាំមកនូវធនធានដ៏មានតម្លៃ និងចូលរួមកាន់តែច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា៕