ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី នៅវត្តបុទុមវតីរាជវរារាម រាជធានីភ្នំពេញ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម សារ៉ាក់ ខាន់ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ និងជាអតីតរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទ្រង់សោយព្រះទីវង្គត នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១២:៣០នាទីថ្ងៃត្រង់ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។
ក្នុងនាមជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមបួងសួងឧទ្ទិសដល់គុណបុណ្យព្រះរតនត្រៃកែវទំាងបី ប្រោសព្រះរាជទានឱ្យដួងព្រះវិញ្ញាណក្ខន្ធ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី សូមព្រះអង្គទ្រង់យាងទៅកាន់ព្រះបរមសុគិតភព កុំបីឃ្លៀងឃ្លាតឡើយ៕