ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្ថាប័ន ស្តីពីការគ្រប់គ្រងច្រកចេញ-ចូលប្រព័ន្ធអុីនធឺណិតថ្នាក់ជាតិ នៅទីស្តីការក្រសួង
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ស្តីពីការគ្រប់គ្រងច្រកចេញ-ចូលអុីនធឺណិតថ្នាក់ជាតិ (National Internet Gateway) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមន្ត្រីជាន់ខ្ពស់តំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធផងដែរ។
នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានតួនាទីស្នូលយ៉ាងសំខាន់ ក្នុងការជំរុញ និងអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ និង បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) តាមរយៈការបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងការតភ្ជាប់បណ្តាញ អុីនធឺណិតថ្នាក់ជាតិនៅកម្ពុជា (National Internet Exchange) ដែលមានមុខងារចំនួនពីរដូចជា មជ្ឈមណ្ឌលផ្លាស់ប្តូរអុីនធឺណិតក្នុងប្រទេស និងមជ្ឈមណ្ឌលច្រកអុីនធឺណិតអន្តរជាតិ ដោយផ្តល់នូវអត្ថប្រយោជន៍ដូចខាងក្រោម៖
-ធ្វើឱ្យការប្រើប្រាស់អុីនធឺណិតមានលក្ខណៈសន្សំសំចៃ តាមរយៈការបង្វែរផ្លូវអុីនធឺណិតក្នុងប្រទេស ដោយមិនចាំបាច់តភ្ជាប់ទៅក្រៅប្រទេសឱ្យមកតភ្ជាប់បណ្តាញអុីនធឺណិតនៅមជ្ឈមណ្ឌលផ្លាស់ប្តូរអុីនធឺណិតក្នុងប្រទេសវិញ
-បង្កើតការប្រើប្រាស់អុីនធឺណិតក្នុងប្រទេសឱ្យមានល្បឿនលឿនជាមួយនឹងថ្លៃទាបសមរម្យ ផ្តល់អត្ថប្រយោជន៍ ជូនសាធារណជន និងប្រើប្រាស់អុីនធឺណិតប្រកបដោយប្រសិទ្ធភាព
-ជំរុញឱ្យមានការបង្កើតមាតិកា និងកម្មវិធីក្នុងស្រុកកាន់តែច្រើនឡើង
-កាត់បន្ថយហានិភ័យដោយបង្កលក្ខណៈងាយស្រួលក្នុងការគ្រប់គ្រងសុវត្ថិភាពលើបណ្តាញអុីនធឺណិត
-លើកកម្ពស់ការការពារសន្តិសុខជាតិ និងអធិបតេយ្យជាតិដោយគ្រប់គ្រង និងត្រួតពិនិត្យការតភ្ជាប់បណ្តាញអុីនធឺណិតទៅក្រៅប្រទេស ទាំងអស់ត្រូវឆ្លងកាត់នៅមជ្ឈមណ្ឌលច្រកអុីនធឺណិតអន្តរជាតិ៕