ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំ Seedstars Summit Asia 2019 ជាលើកដំបូងនៅកម្ពុជា ក្រោមប្រធានបទ “Shaping the Future of Entrepreneurship”
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្រុមហ៊ុន Factory Phnom Penh ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធាននៃក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ក្រុមប្រឹក្សាមូលនិធិស.អ.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំ Seedstars Summit Asia 2019 ជាលើកដំបូងនៅកម្ពុជា ក្រោមប្រធានបទ “Shaping the Future of Entrepreneurship” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, ក្រុមប្រឹក្សាមូលនិធិ ស.អ., តំណាងស្ថានទូត, តំណាងក្រសួងពាក់ព័ន្ធ, ដៃគូរអភិវឌ្ឍន៍និងសន្ទនា, វិនិយោគគិន, អ្នកណែនាំ (Mentors), អាជីវកម្មបង្កើតថ្មីក្នុងវិស័យបច្ចេកវិទ្យា (Tech Startup) និងក្រុមការងារ Seedstars សរុបប្រមាណ ៤០០នាក់។ កិច្ចប្រជុំ Seedstars Summit Asia 2019 ទទួលបានការឧបត្ថម្ភពីមូលនិធិ ស.អ. ដោយមានការចូលរួមវិភាគទានពីក្រុមហ៊ុន Smart Axiata។
កិច្ចប្រជុំ Seedstars Summit Asia 2019 គឺជាកម្មវិធីប្រកួតប្រជែងកម្រិតតំបន់និងការបង្ហាញពីសក្តានុពលក្រុមហ៊ុន (Pitching) ដំណាក់កាលពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតប្រជែងកម្រិតពិភពលោក (Seedstars Global Summit 2020)។ កិច្ចប្រជុំនេះរៀបចំឱ្យមានការជួបជុំគ្នារវាងអាជីវកម្មបង្កើតថ្មីក្នុងវិស័យបច្ចេកវិទ្យា (Tech Startups) មកពីប្រទេសតំបន់អាស៊ីចំនួន១៨ប្រទេស និងរាល់បុគ្គលដែលចូលរួមបង្កើតនិងជំរុញ Ecosystem នៃអាជីវកម្មបង្កើតថ្មីក្នុងវិស័យបច្ចេកវិទ្យា ហើយកិច្ចប្រជុំនេះ មានរយៈពេល ០៣ (បី)ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
ក្នុងឱកាសថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ Seedstars Summit Asia 2019 ឯកឧត្តម ត្រាំ អុីវតឹក បានមានប្រសាសន៍ថា កម្ពុជាសម្រេចចិត្តធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ Seedstars Summit Asia 2019 ក្នុងគោលបំណង (១). ទាក់ទាញវិនិយោគគិនបរទេសមកវិនិយោគជាមួយ Tech Startups កម្ពុជា, (២). បង្ហាញអំពីសមត្ថភាពរបស់ Tech startups និង tech startup Ecosystem កម្ពុជា, (៣). គាំទ្រដល់យុវជនដែលមានទេពកោសល្យ (Young Talents) ក្នុងការធ្វើនវានុវត្តន៍ និងចូលរួមបង្ហាញសមត្ថភាពនិងទេពកោសល្យរបស់យុវជនខ្មែរទៅកាន់ពិភពលោក, (៤). សម្របសម្រួលក្នុងការបង្កើតបណ្តាញរវាង Tech startups នឹង Tech startups ក្នុងតំបន់ និង Tech startups ជាមួយវិនិយោគគិន, និង(៥). ជំរុញឱ្យ Tech startups កម្ពុជាអាចមានឱកាសពង្រីកខ្លួនបន្ថែម។ ការរៀបចំកិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងចតុកោណទី២ អំពីការធ្វើពិពិធកម្មសេដ្ឋកិច្ច, មុំទី៣. អំពីការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤, ចំណុចទី៦ អំពីការអភិវឌ្ឍសហគ្រិនភាព និងប្រព័ន្ធអេកូឡូស៊ីឌីជីថលដែលជាបរិស្ថានអំណោយផលដល់ការបង្កើតធុរកិច្ចថ្មីៗ, ការជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងធុរកិច្ច និងការបង្កើតយន្តសហប្រតិបត្តិការសហគ្រិនភាព ក្នុងក្របខណ្ឌរាជរដ្ឋាភិបាលឬភាពជាដៃគូជាមួយវិស័យឯកជន។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Seedstars ដែលបានសហការរៀបចំកិច្ចប្រជុំ Seedstars នៅក្នុងព្រះរាជាណាចក្រកម្ពុជាជាលើកដំបូងក្នុងឆ្នាំ២០១៩នេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកម្ពុជាក្នុងអណត្តិទី៦នេះ បានកំណត់គោលដៅអាទិភាពរបស់ខ្លួនក្នុងការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងចាប់យកបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដោយក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តរៀបចំបទបញ្ញត្តិ, គោលនយោបាយ និងដាក់ចេញនូវសកម្មភាពបន្តបន្ទាប់ដើម្បីចាប់យកកាលានុវត្តន៍ភាព, ជំរុញដល់ការអភិវឌ្ឍបច្ចេកវិទ្យាពាក់ព័ន្ធនឹងទីផ្សារជំនួញ, គ្រប់គ្រងបរិយាកាសធុរកិច្ច, និងកាត់បន្ថយហានិភ័យបង្កពីការអភិវឌ្ឍបច្ចេកវិទ្យា។ ជាក់ស្តែង បន្ថែមលើការគាំទ្រតាមរយៈគោលនយោបាយនិងបទបញ្ញត្តិ រាជរដ្ឋាភិបាល បាននិងកំពុងពង្រឹងមូលដ្ឋានគ្រឹះនៃហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចឌីជីថលទាំងផ្នែករឹងនិងទន់ និងអភិវឌ្ឍធនធានមនុស្សនិងជំនាញឱ្យស្របទៅនឹងតម្រូវការនិងបរិបទថ្មីនៃសេដ្ឋកិច្ច៕