ឯកឧត្តមអនុរដ្ឋលេខាធិការ អេ សុភា អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងវិន័យការងារ និងការគ្រប់គ្រងវត្តមានមន្ត្រីរាការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម អេ សុភា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងវិន័យការងារ និងការគ្រប់គ្រងវត្តមានមន្ត្រីរាការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទក្រសួង សរុបប្រមាណ ២០០នាក់។
នៅក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ អេ សុភា បានមានប្រសាសន៍ថា គោលបំណងនៃកិច្ចប្រជុំថ្ងៃនេះ គឺដើម្បីពង្រឹងការគ្រប់គ្រងវត្តមានរបស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដែលកំពុងបម្រើការងារ ព្រមទាំងលើកកម្ពស់មនសិការវិជ្ជាជីវៈ និងគុណផលក្នុងរដ្ឋបាលសាធារណៈ។ ជាពិសេស ក្នុងគោលដៅកំណត់អំពីប្រព័ន្ធគ្រប់គ្រងវត្តមាន ទណ្ឌកម្មវិន័យចំពោះអវត្តមានគ្មានការអនុញ្ញាត និងលើកទឹកចិត្ត ព្រមទាំងមានយន្តការគ្រប់គ្រងនិងត្រួតពិនិត្យចំពោះមន្ត្រីរាជការស៊ីវិលនិងមន្ត្រីជាប់កិច្ចសន្យាផងដែរ៕